ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

លោក លី ធុជ៖ កិច្ចការសង្គ្រោះជនរងគ្រោះដោយសារមីនមិនមែនត្រឹមជាកិច្ចការមនុស្សធម៌ទេ

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ថុជ លើកឡើងថា កិច្ចការសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ មិនមែនត្រឹមជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការសុខាភិបាលសាធារណៈ ដែលទាមទារឱ្យមាន ការប្តេជ្ញាចិត្តខ្ពស់ ការគាំទ្រ និងសកម្មភាពរួមគ្នាពីគ្រប់មជ្ឍដ្ឋាន ជាពិសេសពីរដ្ឋភាគីនៃអនុសញ្ញា ដើម្បីធានាថា អាចជួយសង្គ្រោះដល់ជនរងគ្រោះ និងជួយឱ្យជីវិតជនរងគ្រោះទូទាំងពិភពលោក រួមទាំងក្រុមគ្រួសារ និងសហគមន៍ កាន់តែប្រសើរឡើង។

លោក លី ធុជ ថ្លែងដូចនេះក្នុងកម្មវិធីបើកនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលសហការរៀបចំដោយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)នាថ្ងៃអង្គារ៍ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។

ក្នុងឱកាសនៃពិធីបើកសន្និសីទសកលនេះ លោក លី ធុជ បានគូសបញ្ជាក់ថា ការរៀបចំ ក៏ដូចជាការចូលរួមក្នុងសន្និសីទសកលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគី ក្នុងការបំពេញកតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងជាពិសេសកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកបានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងភាពចាំបាច់ក្នុងការបញ្ចូលកិច្ចសង្គ្រោះជនរងគ្រោះ ចូលទៅក្នុងគោលនយោបាយ និងផែនការជាតិ ព្រមទាំងក្របខ័ណ្ឌច្បាប់នានា ដើម្បីធានាថា ជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញ។ កិច្ចសង្គ្រោះជនរងគ្រោះនេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីកតព្វកិច្ចនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបានសង្កត់ធ្ងន់ថា៖ «យើងមិនត្រូវសម្លឹងមើលជនរងគ្រោះដោយសារមីនត្រឹមតែជាទិន្នន័យនោះទេ យើងត្រូវសម្លឹងមើលពួកគេជាមនុស្សមានជីវិត ជាម្តាយដែលចិញ្ចឹមបីបាច់កូនៗ ជាឳពុកដែលត្រូវការពារក្រុមគ្រួសារខ្លួន ជាក្មេងដែលមានក្តីស្រមៃ ជាកសិករដែលខិតខំប្រឹងប្រែងដើម្បីជីវិតខ្លួន និងជាបុគ្គលដែលគ្មានកំហុស តែត្រូវទទួលរងនូវជោគវាសនាដ៏អាក្រក់បែបនេះ។ គ្រាប់មីនបានបន្សល់ទុកស្លាកស្នាម ទាំងនៅលើរាងកាយ និងក្នុងចិត្តរបស់ពួកគេ ហើយជីវិតរបស់ពួកគេ ត្រូវរងការបំផ្លិចបំផ្លាចខ្ទេចខ្ទាំក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក លី ធុជ បានលើកឡើងអំពីវឌ្ឍនភាព និងសមិទ្ធផលក្នុងសកម្មភាពមីននៅកម្ពុជា ដោយបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក និងជំនួយរបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានប្តេជ្ញាចិត្តរួមគ្នាជួយឱ្យកម្ពុជាសម្រេចបានសម្មិទ្ធផលទាំងនេះ។

គួរឱ្យដឹងដែរថា សន្និសីទកលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពនៃអនុសញ្ញាអូតាវ៉ា និងផ្តល់ជាវេទិកាកម្រិតសកលដើម្បីឱ្យសហគមន៍ និងជនទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះនានា បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន រួមទាំងការចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះនានា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក