
ថ្នាក់ដឹកនាំចិន បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧
ប៉េកាំង៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លោក ឆាយ ឈី (Cai Qi) បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
លោក ឆាយ លី លើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣” នៅរដ្ឋធានីប៉េកាំង។
នៅក្នុងជំនួបនេះ លោក ឆាយ ឈី បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប។
តាមរយៈកិច្ចពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់នាឱកាសនោះ លោក ឆាយ លី បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី, ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត។
លោក ឆាយ លី បានរំឭកផងដែរអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ឆ្នាំកន្លងមកនេះ ដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និងគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ លោក ឆាយ ឈី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា នេះគឺជាឱកាសលើកទី២ ដែល សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ កាលពីខែសីហា ឆ្នាំ២០២៣ ជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់ លោក ឆាយ ឈី ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាល ៦៥ ឆ្នាំ កន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ គុណភាព និងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែង៕