
សាធារណរដ្ឋឆែកនឹងរួមចំណែកលើការកាត់បន្ថយថង់ប្លាស្ទិក និងទឹកស្អាត ដើម្បីលើកស្ទួយវិស័យបរិស្ថានកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក ម៉ាទីន វ៉ាវរា (Martin Vavra) លើកឡើងពីគោលបំណង ដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមរវាងសាធារណរដ្ឋឆែក និងព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក និងអនាម័យទឹកស្អាត។
លោក ម៉ាទីន វ៉ាវរា (Martin Vavra) ថ្លែងដូចនេះក្នុងជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងជំនួបនេះ លោក ម៉ាទីន វ៉ាវរា ថ្លែងថា ការកាត់បន្ថយថង់ប្លាស្ទិកជាបញ្ហាសកល ដែលត្រូវយកចិត្តទុកដាក់ និងដោះស្រាយជាបន្ទាន់ ពីព្រោះថាសំណល់ប្លាស្ទិក បានបង្ករហានិភ័យដល់សុខភាពមនុស្ស សត្វ ធនធានធម្មជាតិ និងប្រភពទឹក។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូត Martin Vavra ហើយបានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញការងារអាទិភាពចំនួន៣ ក្នុងនោះរួមមានអាទិភាពទី១ ផ្តោតលើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដែលមានការចូលរួមពីពួកគេប្រមាណ ១,៥លាននាក់។ លោកគូសបញ្ជាក់ទៀតថា ទោះជាមានឧបករណ៍សម្រាប់កំទេចសំណល់ចោលក៏ដោយ ក៏ត្រូវតែកាត់បន្ថយការបង្កើតសំណល់ឱ្យបានជាអតិបរមា។
លោក អ៊ាង សុផល្លែត បានលើកឡើងទៀតថា អាទិភាពទី២ ការស្តារ និងដាំដើមឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសព្រៃដោយអនុលោមទៅតាមគោលការណ៍គតិយុត្ត។ ចំពោះអាទិភាពទី៣ គឺនាំយកអាទិភាពទី១ និងទី២ ទៅចូលរួមជាមួយដៃគូរលើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល៕