ភ្នំពេញ៖ នៅថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ ៣ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានមនុស្សចំនួន ២២នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
តាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែតុលា មានមនុស្សចំនួន ៦នាក់បានស្លាប់ ជាមួយគ្នានេះមានអ្នករងរបួសធ្ងន់ស្រាលចំនួន ៣១នាក់ ក្នុងនោះមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ២១នាក់។
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែតុលា មានមនុស្សចំនួន ៧នាក់បានស្លាប់ ក្នុងនោះមានអ្នករងរបួសស្រាលចំនួន ៧នាក់ និងអ្នករងរបួសធ្ងន់មានចំនួន ២២នាក់។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន១៤ លើកស្លាប់មនុស្សចំនួន ៩នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៩នាក់។
គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារតែការប៉ះទង្គិចគ្នា បើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិគ្នាទៅវិញទៅមក មិនប្រកាន់ស្តាំ ប្រជែង និងបើកបរទាំងស្រវឹង៕