ជប៉ុន៖ ភ្លើងគប់កីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ឆេះឡើងហើយនៅថ្ងៃទី១២ ខែសីហានេះ ខណៈការប្រកួតកីឡាជនពិការនេះ នៅមិនទាន់សម្រេចនៅឡើយ ឬយ៉ាងណាទេ ជុំវិញការអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់ឬក៏បន្តការប្រកួតជាលក្ខណៈបិទទ្វារ។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ព្រមទាំងគណៈកម្មាធិការរៀបចំការប្រកួត បានដាក់បំរាមមិនឱ្យមានអ្នកទស្សនាផ្ទាល់ឡើយសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលលើកមកលេងក្នុងឆ្នាំ២០២១ នេះ ដោយសារបញ្ហានៃស្ថានភាពមិនធូរស្រាលរបស់កូវីដ-១៩ក្នុងប្រទេស ហើយជាក់ស្តែងសូម្បីតែអត្តពលិកដែលមកចូលរួមប្រកួតជាង ១ម៉ឺននាក់ តំរូវឱ្យអនុវត្តនូវវិធានការយ៉ាងតឹងតែងបំផុត រួមទាំងការធ្វើតេស្តស្វែងរកកូវីដ-១៩ ជារៀងរាល់ថ្ងៃផងដែរ។
ព្រឹត្តិការណ៍កីឡាជនពិការ ឬប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូនេះ ត្រូវគេរំពឹងថាក៏នឹងរៀបចំក្រោមលក្ខខណ្ឌតឹងរ៉ឹងបំផុតមួយ មិនខុសពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ ដែលបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី០៨ ខែសីហាកន្លងទៅនោះឡើយ។ សម្រាប់កិច្ចប្រជុំសម្រេចជុំវិញការបើកទ្វារឱ្យមានទស្សនិកជនទស្សនាផ្ទាល់ឬអត់? គណៈកម្មាធិការរៀបចំការប្រកួតនឹងសម្រេចប្រកាសនៅសប្តាហ៍ក្រោយនេះ។
គួរបញ្ជាក់់ថា ការប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃអង្គារ ទី២៤ ខែសីហា និងបញ្ចប់នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ដោយនឹងប្រកួតប្រជែងលើកីឡាចំនួន ២២ ប្រភេទ។ ដោយឡែក សម្រាប់ចំនួនអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡានេះមានចំនួនប្រមាណ ៤ពាន់នាក់ ខណៈប្រតិភូ មន្រ្តីផ្លូវការ ប្រមាណ ១២,០០០នាក់ផ្សេងទៀត នឹងមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាជនពិការដ៏ធំបំផុត ៤ឆ្នាំម្តងរបស់ពិភពលោកនេះ៕