សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ក្រសួងបរិស្ថាន៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ នេះបើយោងតាមរបាយការណ៍ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាននៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ គូសបញ្ជាក់ថា ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិរិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។

ក្រសួងបរិស្ថានបានឱ្យដឹងទៀតថា សំរាមនៅមានតាមដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល វេចខ្ចប់ ទុកដាក់ រួមទាំងការញែកសំរាម និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កាន់តែច្រើន និងផុសផុលឡើង។

ជាមួយគ្នានេះ ទោះបីជានៅមានពលរដ្ឋមួយចំនួនតូច នៅមិនទាន់យល់ដឹងពីការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិកនេះក៏ដោយ ក៏ក្រសួងបរិស្ថានបានខិតខំអប់រំបង្កើនចំណេះដឹងថែមទៀត ចំពោះការទុកដាក់សំរាម ក្នុងនោះបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គឺដើម្បីផ្សព្វផ្សាយជំរុញ ឲ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ ហើយការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។

ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក លោក អ៊ាង សុផល្លែត ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកអោយបានត្រឹមត្រូវ គិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានអោយបានត្រឹមត្រូវ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានអំពាវនាវបន្ថែមដល់ពលរដ្ឋទាំងអស់បញ្ឈប់ការចោលសំរាមតាមទីសាធារណៈ ហើយបែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍វិធាន 4Rs (ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ)។

គួរឱ្យដឹងដែរថា តាមរបាយការណ៍ក្រសួងបរិស្ថាន រាជធានីភ្នំពេញនិងនៅតាមទីក្រុងធំៗ បានផលិតសំរាមជាមធ្យម ៣០០០តោនក្នុងមួយថ្ងៃ ប៉ុន្តែមានតែសំរាមជាង ២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ ដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្នាក់អាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ក្នុងមួយថ្ងៃ ដូចនេះ អាចបង្កើតសំណល់ប្លាស្ទិកប្រមាណ ៥៧តោនក្នុងមួយថ្ងៃ។ បើសរុបចំនួនថង់ប្លាស្ទិកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៥៦លានថង់ ក្នុងមួយថ្ងៃ គឺស្មើនឹង ២៧៩តោនក្នុងមួយថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក