ភ្នំពេញ៖ មជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណកម្ពុជា-ចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណកម្ពុជា-ចិន ដែលបានកសាងអស់រយៈពេល ១៩ខែ ក្រោមអធិបតីភាព លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។
ថ្លែងក្នុងឱកាសដាក់សម្ពោធនេះ រដ្ឋមន្រ្តីសុខាភិបាលបានមានប្រសាសន៍ថា ក្រសួងសុខាភិបាល លើកទឹកចិត្តបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជានេះឡើង ដែលសមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន កើតចេញពីចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។
លោកបានបន្ថែមទៀតថា ការសម្រេចបាននូវការអភិវឌ្ឍសេវាសុខភាពកាន់តែប្រសើរឡើងនៅក្របខណ្ឌទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថេរភាព ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ លោក ឈាង រ៉ា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ និង ចំពោះឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិភូទាំងអស់ ដែលបានខិតខំលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងរហូតឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះ៕