ព្រៃវែង៖ ក្នុងឆ្នាំ២០២០ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាពដោយគិតមកដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៣ នេះជនមានពិការភាពសរុបមានចំនួន ២៦ម៉ឺននាក់។
អគ្គនាយកនៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សន សុផល បានលើកឡើងក្នុងពិធីបើកផ្តល់របបគោលនយោបាយជូនចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ស្រុកព្រះស្តេច ខេត្តព្រៃវែង សរុបចំនួន ២៣៤នាក់ នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ថាក្នុងតាមទន្និន័យ មូលហេតុចម្បងដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីកើតជំងឺមាន ៣៨,៨% ពិការភាពពីកំណើតមាន ២៦,៧% ពិការភាពមកពីគ្រោះថ្នាក់ចរាចរណ៍មាន ៨,១% ពិការភាពមកពីសង្គ្រាម មីន អាវុធជាតិផ្ទុះមាន ១២,២% និងពិការភាពមកពីមូលហេតុផ្សេងៗមាន ១៤,៣%។
លោកបានលើកឡើងថា ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន មានភាពលម្អិតដែលបង្ហាញពីស្ថានភាពបុគ្គល ស្ថានភាពពិការភាព និងបរិស្ថានរស់នៅរបស់ជនមានពិការភាព បង្កលក្ខណៈងាយស្រួលក្នុងការវិភាគស្ថានភាពពិការភាពបានគ្រប់គ្រងជ្រុងជ្រោយ ជួយបង្កើនការយល់ដឹងពីស្ថានភាពនៅកម្ពុជា និងមានទឡ្ហីករណ៍គ្រប់គ្រាន់សម្រាប់ជាមូលដ្ឋាន ដើម្បីរៀបក្របចំគោលនយោបាយលើកម្ពស់សុខុមាលភាពជនមានពិការភាព។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាដោយឈរលើមូលដ្ឋាននៃសន្តិភាព ស្ថិរភាពនយោបាយ និងវឌ្ឍនភាព ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកិច្ច ដែលមានលក្ខណៈទូលំទូលាយដោយផ្តោតលើសសរស្តម្ភនៃប្រព័ន្ធគាំពារសង្គមគឺ ប្រព័ន្ធជំនួយសង្គម។
រាជរដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យលេខ១៣៧អនក្រ.បក ចុះថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍។ ផ្អែកតាមអនុក្រឹត្យនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញប្រកាសដើម្បីណែនាំអនុវត្តកម្មវិធីរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅសហគមន៍ ដោយបានអនុវត្តសាកល្បងក្នុងស្រុកចំនួន២ នៃខេត្តប៉ៃលិន តាំងពីខែតុលា ឆ្នាំ២០១៥ ហើយបានពង្រីកការអនុវត្តន៍ចាប់ពីខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្រោមការដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កម្មវិធីនេះមានគោលបំណងផ្តល់ប្រាក់របបជាផ្លូវការជូនជនមានពិការភាពក្រីក្រដោយគ្មានលក្ខខណ្ឌស្របតាមទិសដៅជាអាទិភាព នៃក្របខណ្ឌគោលនយោបាយជាតិស្តីពីកិច្ចគាំពារសង្គមឆ្នាំ២០១៦-២០២៥។
ជាក់ស្តែងការអនុវត្តរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍នេះពិតជាមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយនិងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះរបស់ជនមានពិការភាព វិសមភាព និងបង្កើនលទ្ធភាពទទួលបានសេវាជំនួយសង្គម ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំពិសេស ការអប់រំបញ្ចូលគ្នា ការបង្កើតមុខរបរ ការចូលបម្រើការងារ ការស្តាលទ្ធភាពពលកម្មកាយសម្បទា និងសេវាសាធារណៈជាច្រើនទៀតជូនបងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។
កម្មវិធីនេះត្រូវបានអនុវត្តដោយក្រុមការងារថ្នាក់ឃុំ/សង្កាត់ អនុគណៈកម្មការថ្នាក់ក្រុង/ស្រុក/ខណ្ឌ និងគណៈកម្មការគ្រប់គ្រងថ្នាក់ រាជធានី/ខេត្ត ដោយមានការដឹកនាំ និងគាំទ្របច្ចេកទេសដោយនាយកដ្ឋានសុខុមាលភាពជនពិការ។ ក្នុងគោលបំណងឆ្លើយតបទៅការអនុវត្តកម្មវិធីនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយអង្គការយូនីសេហ្វក្នុងការរៀបចំបង្កើតឱ្យមានឯកសារណែនាំស្តីពីនីតិវិធីអនុវត្តរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគន៍។
គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ បានទូទាំង២៥ រាជធានី ខេត្ត ដែលមានជនមានពិការភាពសរុបចំនួន ១៩ ៨៧៤នាក់។ ដោយឡែកសម្រាប់ខេត្តព្រៃវែង បានអនុវត្តការផ្តល់របបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍តាំងពីឆ្នាំ២០១៧មក ដោយអនុវត្តបាន១៣ ក្រុងស្រុកគឺ ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកពារាំង ស្រុកពាមជរ ស្រុកព្រះស្តេច ស្រុកពោធិ៍រៀង ស្រុកកញ្រ្ចៀច ស្រុកកំចាយមារ ស្រុកពាមរក៍ ស្រុកបាភ្នំ ស្រុកស៊ីធរកណ្តាល ស្រុកមេសាង និងក្រុងព្រៃវែង។
ក្នុងឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញប្រកាសទទួលស្គាល់របបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ជូនជនមានពិការភាពនៅខេត្តព្រៃវែងសរុបចំនួន ២ ៦០៧នាក់ ក្នុងនោះស្រុកព្រះស្តេចជាក្នុងចំណោមក្រុងស្រុកទាំង១៣ ដែលមានជនមានពិភាពទទួលរបបគោលនយោបាយសរុបចំនួន ២៣៤នាក់ ក្នុងនោះស្រីសរុបចំនួន ១៣៥នាក់ ជនមានពិការភាពទទួលរបប ៦ខែ មានចំនួន ១៦នាក់ ស្រី ១០នាក់ និង១២ខែមានចំនួន ២១៨នាក់ ស្រី ១២៥នាក់៕