និស្សិតខ្មែរ ៣រូបដែលស្ថិតនៅជាប់តំបន់គ្រោះថ្នាក់ក្នុងប្រទេសអ៊ីស្រាអែល បានមកដល់ទីតាំងសុវត្ថិភាពក្រោយមានការអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរអ៊ីស្រាអែល
អ៊ីស្រាអែល៖ និស្សិតកម្ពុជា ៣នាក់ ត្រូវបានជម្លៀសមកដល់ទីតាំងមានសុវត្ថិភាព ក្រោយមានការអន្តរាគមន៍ និងសម្របសមប្រួលពីរាជរដ្ឋាភិបាលកម្ពុជា និង អាជ្ញាធរអ៊ីស្រាអែល។
និស្សិត សោម ភិរុណ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា ខ្លួននិងនិស្សិតកម្ពុជា ២រូបទៀតបានមកដល់ទីតាំងសុវត្ថិភាព ដោយមានរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសអ៊ីស្រាអែល រួមទាំងអាជ្ញាធរអ៊ីស្រាអែល បានជួយសម្របសម្រួលនិងជម្លៀសទាន់សភាពការនិងមានសុវត្ថិភាព ខណៈលោកនៅតែបន្តស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យជួយសម្រួលនិស្សិតកម្ពុជាទាំងអស់បានត្រលប់មាតុភូមិវិញ។
និស្សិត ស៊ុ ភិរុណ ថ្លែងថា៖ «ជម្រាបសួរបងប្អូន ខ្ញុំជានិស្សិតដែលរស់នៅតំបន់ Karmia ដែលមានព្រំប្រទល់ជាប់តំបន់ Gaza ពួកខ្ញុំបានមកដល់កន្លែងសុវត្តិភាពហើយ។ ខ្ញុំបាទសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសអ៊ីស្រាអែល និងបងៗដែលរស់នៅអ៊ីស្រាអែល និងបងៗអ្នកសារពត៌មានដល់ការជួយសម្របសម្រួលនិងជម្លៀសពួកខ្ញុំទាន់សភាពការនិងមានសុវត្តិភាពហើយ។ ខ្ញុំបាទនិងនិស្សិតខ្មែរដទៃទៀតសូមស្នើទៅរាជរដ្ឋាភិបាលជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជួយសម្រួល និងបញ្ជូនពួកខ្ញុំជានិស្សិតខ្មែរទាំងអស់ទៅកាន់មាតុប្រទេសវិញផង ព្រោះពួកខ្ញុំមានភាពភ័យខ្លាច និងធ្លាប់រស់នៅក្នុងម្លប់សន្តិភាព មិនធ្លាប់មានសង្រ្គាមពីមុនមក។ សូមថ្លែងអំណរគុណនិងសូមអរគុណ»។
គួរឱ្យដឹងដែរថា និស្សិត ស៊ុ ភិរុណ ជាប្រធានក្រុមនៅ Farm kibutz carmia dairy farm (កសិដ្ឋានគោទឹកដោះ) តំបន់ Karmia ជាមួយមិត្តភក្តិ ២នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានឱ្យដឹងមុនពេលត្រូវបានជម្លៀសមកទីតាំងសុវត្ថិភាពថា ក្រុមខ្លួនមានការបារម្ភយ៉ាងខ្លាំង ដោយសារការបាញ់ប្រហារ និងគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន ខណៈ កសិដ្ឋានគោទឹកដោះ មានចំងាយប្រមាណ ៤គីឡូម៉ែត្រ ពីតំបន់កាហ្សា ហើយស្បៀងអាហារ ក៏មានបញ្ហាប្រឈមផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថារហូតមកដល់ព្រឹកថ្ងៃអង្គារ៍ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលអ៊ីស្រាអែលបានជម្លៀសពលរដ្ឋខ្មែរចំនួន ៣២៣នាក់ទៅកាន់ទីកន្លែងសុវត្ថិភាពហើយ ខណៈនៅ ១៣១នាក់ទៀតកំពុងនៅក្នុងតំបន់ប្រឈម៕