ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»

ភ្នំពេញ៖ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយដែលដាក់ចេញនេះដើម្បីជួយដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលភាគច្រើនជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យផ្សេងៗមានជីវភាពល្អប្រសើរ ជួយពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមកិច្ច និងដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី ថ្លែងដូច្នេះថា៖«ការលើកកម្ពស់ជីវភាពរស់នៅ និងលើកស្ទួយបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឱ្យយើងសម្រេចនូវគោលដៅ៣ ក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ វិសមភាពសង្គម ពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ច។ នេះជាគោលដៅ និងទស្សនទានក្នុងការដាក់ចេញនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថាក្នុងជំហានដំបូងនៃការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារដែលនឹងទទួលបានប្រយោជន៍ពីយុទ្ធសាស្រ្តនេះ រួមមាន ផ្នែកសហគ្រាស មានលក់ដុំ លក់រាយ និងជួសជុល ផ្ដល់សេវាកម្មស្នាក់នៅនិងអាហារ សិប្បកម្មនិងសហគមន៍កសិកម្ម អ្នកប្រកបអាជីវកម្មនិងធ្វើការងារជាកម្មករសំណង់ អ្នកបម្រើសេវាកម្មភេសជ្ជៈកំសាន្ត ម៉ាស្សា កែសម្ពស្ស សាឡន ជាងកាត់សក់ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ម៉ូតូដឹកទំនិញ តាក់ស៊ី អាជីវករលក់តាមផ្សារ សិល្បៈករ សិល្បៈការិនី កីឡាករ អ្នកសារព័ត៌មាន អាជីវករចល័តតាមដងផ្លូវ អ្នកបម្រើសេវាតាមរោងការ និងពលករក្នុងវិស័យកសិកម្ម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក