ភ្នំពេញ៖ បន្ទាប់ពីបានពិភាក្សាអនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទំាងមូលជាឯកច្ឆន្ទ។
រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី ១ នីតិកាលទី ៧ ក្រោមអធិបតីភាពប្រធានរដ្ឋសភាស្តីទី លោក ជាម យៀប ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ មានចំនួន ១០១រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំ លើកទី ១ នីតិកាលទី ៧ នាថ្ងៃនេះ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី នាថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រៀបចំឡើងជំនួសច្បាប់ ស្ដីពីការបង្កើត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងធានាដល់ដំណើរការ គ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពជាក់ស្ដែង នាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការនិងចំណុចខ្វះចន្លោះដែលបានតម្រូវ និងរកឃើញដោយ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា វិស័យអាកាសចរណ៍ស៊ីវិល បានដើរតួនាទីនិងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់និងដោយប្រយោល ការគាំទ្រនិងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញនិងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេសនិងធុរកិច្ចក្នុងស្រុក ប្រកបដោយទំនុកចិត្ត និងមានលក្ខណៈ សេដ្ឋកិច្ច។ ក្រៅពីនេះ វិស័យអាកាសចរណ៍ស៊ីវិលបានជួយសម្រួលដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស និងការផ្លាស់ប្តូរវប្បធម៌នៃពិភពលោកទៀតផង។
គួរឱ្យដឹងដែរថា សេចក្តីព្រាងច្បាប់នេះមាន ១១មាត្រា ដែលនឹងជំនួសច្បាប់ចាស់ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែងនិងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។
បន្ទាប់ពីទទួលបានអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់៕