វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ចុះMOU ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យរដ្ឋ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា «ស្ដីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ» ដើម្បីចូលរួមការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងការធ្វើបរិវត្តកម្មឌីជីថល។ ពិធីចុះMOU នេះធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានលើកឡើងថា តាមរយៈតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បន្តថា ការចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការដឹកនាំប្រកបដោយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ ដែលបានផ្តួចផ្តើមបង្កើត «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។

លោក ហង់ជួន ណារ៉ុន បានបន្ដថា អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ពោលគឺចំគោលដៅដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោលដៅជំរុញកំណើន ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។

អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី ហ៊ាន ប៉ូលីណេ បានបញ្ជាក់ពីមូលហេតុនៃការបង្កើត«មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍»នៅវិទ្យាល័យសាធារណៈ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

គោលបំណងទី២ ដើម្បីលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និងគោលបំណងទី៣ ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។

គូសបញ្ជាក់ថា «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» បានចាប់ផ្តើមសាងសង់នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា ស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយនាយកវិទ្យាល័យបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស។

 គម្រោងនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក