ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី ក្រោយបុរសម្នាក់បានស្លាប់

ភ្នំពេញ៖ តាមរយៈសារសំឡេងខ្លី១នាទីដែលចេញផ្សាយតាមប្រព័ន្ធតេឡេក្រាមនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលរាជធានីខេត្តផ្សព្វផ្សាយឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី H5N1 ក្រោយពីមានករណីបុរសម្នាក់បានស្លាប់ដោយសារឆ្លងជំងឺពីសត្វមាន់ដែលងាប់នេះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់អាយុ៥០ឆ្នាំស្ថិតនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្លាប់ដោយសារមានវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទH5N1។

តាមការសាកសួរពីផ្ទះអ្នកជិតខាង បុរសដែលស្លាប់ខាងលើបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មកក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្ដើមងាប់ ប្រមាណជាង ៥០ក្បាល ហើយមាន់ងាប់ នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។

តាមការបញ្ជាក់ពីក្រសួងសុខាភិបាល ករណីដែលបានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ ដែលសម្លាប់មនុស្សចំនួនស្លាប់៣៩នាក់ ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយនេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ដែលអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

ក្រសួងសុខាភិបាលបានណែនាំឱ្យពលរដ្ឋ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ពលរដ្ឋអាចទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬ ទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក