បន្ទាយមានជ័យ ក្មេងស្រី ៣នាក់នាំគ្នាទៅរកក្តាម និងលេងទឹករអិលជើងធ្លាក់ចូលប្រឡាយ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង៣នាក់គួឱ្យអាណោចអាធម័។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចវាលស្រែស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថា ក្មេងស្រីដែលលង់ទឹកស្លាប់ទាំង៣នាក់ ទី១-ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ ១៦ឆ្នាំ ទី២-ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ ត្រូវជាបងប្អូននិងគ្នា។ និងទី៣-ឈ្មោះ អឿន សោភា ភេទស្រី អាយុ ១២ឆ្នាំ។ ក្មេងស្រីទាំង ៣នាក់រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្តថា តាមការពិនិត្យសពជនរងគ្រោះទាំង៣នាក់ដែលមានការចូលរួមពីអាជ្ញារឃុំ ភូមិ សមត្ថកិច្ច និងគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះទាំង៣នាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយពិតប្រាកដមែន ពុំមែនពាក់ព័ន្ធនឹងអំពើឃាតកម្មណាមួយឡើយ។ ក្រោយពីពិនិត្យរួចសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕