សម្តេចតេជោ អំពាវនាវដល់និស្សិតនៅអ៊ីស្រាអែលរក្សានូវសុវត្ថិភាពផ្ទាល់ខ្លួន និងស្តាប់តាមបទបញ្ជារបស់អាជ្ញាធរអ៊ីស្រាអែល
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារសំឡេងអំពាវនាវដល់ពលរដ្ឋ និងនិស្សិតខ្មែរដែលរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល ខិតខំថែរក្សាសុវត្ថិភាពផ្ទាល់ និងស្តាប់តាមបទបញ្ជាណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖«ការប្រយុទ្ធលើកនេះ គឺជាការប្រយុទ្ធទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាស់វាយលុកមកក្រុមអ៊ីស្រាអែលដែលតម្រូវឱ្យក្រុមអ៊ីស្រាអែលត្រូវធ្វើការវាយបកដើម្បីការពារប្រជាជននៅក្នុងតំបន់នោះរាប់ទាំងនិស្សិតរបស់យើងផងដែរ»។
សម្តេចតេជោបានណែនាំឱ្យពលរដ្ឋ និស្សិតខ្មែរនៅអ៊ីស្រាអែលត្រូវស្ងប់ចិត្ត ខណៈរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ និងការពារសុវត្ថិភាពដល់និស្សិតខ្មែរនៅទីនោះ។ សម្តេចតេជោ គូសបញ្ជាក់ថា សម្តេចអំពាវនាវបែបនេះក្នុងនាមជាប្រធានគណបក្សកាន់តំណាងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយកង្វល់ទាំងឡាយរបស់និស្សិតខ្មែរនៅរស់នៅអ៊ីស្រាអែល និងដោះស្រាយនូវការព្រួយបារម្ភរបស់ក្រុមគ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ អះអាងដូច្នេះថា៖«សូមជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងជឿជាក់លើសមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការប្រឆាំងជាមួយនឹងកម្លាំងភរវកម្មរបស់ពួកហាម៉ាស់នៃក្រុមប៉ាឡេស្ទីន។ យើងនឹងខិតខំធ្វើដើម្បីការពារអាយុជីវិតប្រជាជនរបស់យើង នោះគឺនិស្សិតដែលកំពុងសិក្សាជាង៤០០នាក់ នៅអ៊ីស្រាអែល»។
សម្តេចតេជោ ក៏បានណែនាំឱ្យក្រុមគ្រួសារ ឪពុកម្តាយ ត្រូវទាក់ទងជាប់ជាប្រចាំជាមួយកូនចៅដែលសិក្សានៅប្រទេសអ៊ីស្រាអែលប្រាប់ដល់ពួកគេ(និស្សិត)ត្រូវតាំងចិត្តកុំមានការភិតភ័យដែលអាចបង្កទៅជាបញ្ហាមួយផ្សេងទៀត។
សម្តេចតេជោ បញ្ជាក់ថា សម្តេចនឹងនៅតែបន្តតាមដានអំពីបញ្ហានេះជាមួយនឹងនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
គូសបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល រងការវាយប្រហារពីក្រុមឧទ្ទាមហាម៉ាស់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សជាង២៥០នាក់ ហើយមនុស្សជាច្រើននាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕