លោក ឯម ច័ន្ទមករា៖ ការប្រកួតបាល់ទាត់សប្បុរសធម៌ជួយដល់ជនមានពិការភាព បានឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជនខ្មែរ
ភ្នំពេញ៖ តំណាងឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចាត់ទុកការរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីប្រមូលមូលនិធិជួយទៅដល់ជនមានពិការភាពគ-ថ្លង់នៅកម្ពុជា បានបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាព។
ថ្លែងនៅក្នុងពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយដល់បងប្អូនមនុស្សគ-ថ្លង់ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ពហុកីឡាដ្ឋានស្តាតចាស់) ល្ងាចថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣នេះ តំណាងឱ្យក្រុមបាល់ទាត់យុវជនមានពិការភាពគថ្លង់ លោក ឆាត់ ឡេងសុជាតិ បានលើកឡើងថាគំនិតនៃការចង់ឲ្យមានការប្រកួតបាល់ទាត់រវាងកីឡាករនិងកីឡាករដែលជាជនមានពិការភាពគឺដើម្បីចង់បង្ហាញនូវការសាមគ្គីភាពនិងជាការលើកទឹកចិត្តជំរុញទៅដល់ជនមានពិការភាពនៅកម្ពុជា។
ជាមួយគ្នានេះតំណាងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ លោក ចែម ចាន់ដារា (ហៅនាយពាក់មី) បានលើកឡើងថាការជួយទៅដល់ជនមានពិការភាពគឺជាការបង្ហាញនូវការមិនទុកអ្នកណាម្នាក់ចោលហើយក៏ជាបំណងក្នុងស្មារតីនៃក្រុមរបស់លោកផងដែរ។
ថ្លែងតំណាងឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌នេះឡើងគឺជាការប្រកួតដ៏មានអត្ថន័យ និងផ្តល់ឱកាសជួបជុំប្រកបដោយក្តីសប្បាយរីករាយនិងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្រុមកីឡាជនមានពិការភាពនិងមិនមានពិការភាព បងប្អូនសប្បុរសជន និងជនមានពិការភាពទាំងអស់។
លោកថាទាំងអស់នេះ ឆ្លុះបញ្ចាំងពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានបង្ហាញអំពីការផ្តល់សិទ្ធិសេរីភាពក្នុងការចូលរួមដោយឥតរើសអើងនិងជាការលើកស្ទួយតម្លៃនិងសមត្ថភាពរបស់ជនមានពិការភាព ស្របតាមការធានារបស់ច្បាប់ជាតិ និងអន្តរជាតិ។
លោកថា៖ «ការស្រឡាញ់និងការយកចិត្តទុកដាក់ទាំងអស់នេះ មានន័យថាបងប្អូនមានពិការភាពមិនត្រូវបានផាត់ចេញពីសង្គមកម្ពុជានោះឡើយ»។
ការប្រកួតនេះគឺជាការប្រកួតលើកដំបូងរវាងក្រុមកីឡាករមានកាយសម្បទាគ្រប់គ្រាន់ ជាមួយនឹងក្រុមកីឡាករដែលមានពិការភាពនៅកម្ពុជា បើមានអ្នកចូលរួមយ៉ាងច្រើនកុះករនៅពហុកីឡាដ្ឋានស្ដាតចាស់ក្នុងរាជធានីភ្នំពេញ។ ការប្រកួតក៏មានផ្ដល់ពានរង្វាន់ទៅដល់ក្រុមដែលឈ្នះផងដែរ៕