
រដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមកុំចែកចាយរូបភាពហិង្សាឃាតកម្ម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ណែនាំអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបញ្ឈប់ការផ្សព្វផ្សាយអំពីរូបភាពបែបអំពើហិង្សា ឃាតកម្ម ឬរូបភាពអាសអាភាសតាមបណ្តាញសង្គមតទៅទៀត។
រដ្ឋមន្រ្តីណែនាំបែបនេះក្រោយពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានពលរដ្ឋចែករំលែកនិងផ្សព្វផ្សាយរូបភាពហិង្សានិងឃាតកម្មកើតឡើងជាប់ៗគ្នានៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។
លោក នេត្រ ភក្ត្រា បានអំពាវនាវដូច្នេះថា៖ «សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សាដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ពលរដ្ឋ និងអ្នកសារព័ត៌មានអាចចែករំលែករូបភាពណាដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង៕