ភ្នំពេញ៖ គណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ាសុខ ពិសិដ្ឋ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។
ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាដើម្បីបរិយាកាសនៃការវិនិយោគដែលអំណោយផល ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
លោករដ្ឋមន្ត្រី បានជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានជំរុញវិស័យឯកជនបន្តអនុវត្តឱ្យបានពេញលេញលើកាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព និងប្រាក់សោធន ដែលជាការគិតគូរដល់កម្មករនិយោជិត។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាមានផែនការបណ្តុះបណ្តាលយុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១លាន ៥សែននាក់ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕