សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ពលរដ្ឋបន្តប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានយ៉ាងខ្ជាប់ខ្ជួន

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗ ជាច្រើននៅក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរដែលត្រូវបានប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ ដែលតែងនិយមហៅថា ថ្ងៃបិណ្ឌ ១ បិណ្ឌ២ ដល់បិណ្ឌ១៤ និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា ពិធីបុណ្យភ្ជុំបិណ្ឌ។

រៀងរាល់ឆ្នាំ នៅពេលដល់វេលានៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋមានបងប្អូនកូនចៅ សាច់ញាតិ ទាំងអស់នៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាម។

ក្រលែកមើលក្នុងពិធីកាន់បិណ្ឌ១ ក្នុងឆ្នាំ២០២៣ នេះវិញ ពលរដ្ឋនៅតែបន្តទៅវត្តយ៉ាងកុះករ ដើម្បីប្រគេនចង្ហាន់ឧទ្ទិសកុសលដល់ញាតិសណ្តានដែលចែកឋានទៅ បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ដោយពលរដ្ឋបានអះអាងថានេះជាទំនៀមទម្លាប់ដែលចាំបាច់ត្រូវប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។


មានវ័យ៥៤ឆ្នាំ លោក សុខប៊ុនធឿន និងភរិយា យកចង្ហាន់ ភេសជ្ជៈ ទេយ្យទានប្រគេនព្រះសង្ឃដើម្បីឧទ្ទិសផលបុណ្យដល់ដូនតាលោកដែលបានចែកឋានទៅ និងបានធ្វើបុណ្យចែកទានខ្លះជូនដូនជីចាស់ៗនៅវត្តផងដែរ បានបញ្ជាក់ថា លោកតែងតែមកវត្តនាពិធីកាន់បិណ្ឌទីមួយនេះ ដើម្បីឱ្យដូនតាលោកដែលបានចែកឋានទៅជួបជុំគ្នាទទួលមគ្គផលដែលលោកបានធ្វើ ខណៈបិណ្ឌ២ នឹងបិណ្ឌបន្តបន្ទាប់ទៀត លោក និងគ្រួសារនឹងបន្តទៅធ្វើបុណ្យនៅវត្តផ្សេងៗទៀត តាមការគ្រោងទុកប្រមាណ៧វត្ត។ លោកបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌនេះជាពិធីសំខាន់របស់ប្រពៃណីខ្មែរ។

លោកថ្លែងថា៖ «ខ្ញុំចង់មកវេនទី១នេះព្រោះថ្ងៃទី១ជាថ្ងៃវេនដំបូងរបស់យើង ដើម្បីឱ្យគាត់(ដូនតា)ជួបជុំគ្នា យើងនឹកឃើញគុណរបស់គាត់ ទទួលបាយសម្ល ទទួលមគ្គផលក្នុងវេនទី១នឹងទៅ ដល់វេនទី២បានខ្ញុំទៅវត្តផ្សេងទៀត […] ពិធីបុណ្យភ្ជុំបិណ្ឌនេះសំខាន់ណាស់ ជាប្រពៃណីរបស់ខ្មែរយើង»។


ប្រកបដោយទឹកមុខស្រស់ស្រាយ ជ្រះថ្លា លោកស្រី អ៊ុំ ពុទ្ធារិទ្ធិ មានអាយុ៥៨ឆ្នាំ បានប្រាប់មកEAC NEWS ថា លោកស្រីតែងតែមកវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃមាន សម្ល បាយ បង្អែម ព្រមទាំងមានទៀនធូប ទឹកដោះគោ ជាប្រពៃណីរាល់ដងដែលធ្លាប់ប្រគេន ក្នុងថ្ងៃបិណ្ឌ១ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ខណៈភ្ជុំបិណ្ឌមានសារសំខាន់ណាស់ក្រៅពីចាត់ទុកជាបុណ្យប្រពៃណីខ្មែរ លោកស្រីអាចឧទ្ទិសកុសលផលបុណ្យដល់ឳពុកម្តាយលោកស្រីដែលបានចែកឋានទៅផងដែរ។

លោកស្រីថ្លែងថា៖ «មានអារម្មណ៍ថាសប្បាយចិត្ត ព្រោះរាល់ឆ្នាំឱ្យតែបិណ្ឌមួយខ្ញុំមកវត្តហើយ ចឹងយើងត្រូវតែមក ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ឳពុកម្តាយដែលបានស្លាប់ទៅ […] មានសារសំខាន់ណាស់ព្រោះទី១ ធ្វើឱ្យយើងនឹកឃើញបុណ្យប្រពៃណីរបស់យើង ហើយយើងនឹងនឹកដល់គុណឳពុកម្តាយដែលគាត់បានចែកឋានទៅ បងប្អូនញាតិ្តកាទាំងអស់ដែលបានស្លាប់ទៅ យើងឧទ្ទិសកុសលផលបុណ្យនឹងឱ្យគាត់ ដើម្បីឱ្យគាត់បានទទួល»។


មិនខុសពីពលរដ្ឋទាំងពីរខាងលើ លោកស្រី ផេង ភួងណារី បានបញ្ជាក់ថា ក្នុងឱកាសកាន់បិណ្ឌរាល់ឆ្នាំ ពិសេសបិណ្ឌ១នេះ គ្រួសារលោកស្រីតែងតែប្រគេនចង្ហាន់ ទេយ្យទាន ភេសជ្ជៈផ្សេងៗ ដល់ព្រះសង្ឃ ដូចដែរគ្រួសារលោកស្រីបន្តប្រារព្ធធ្វើរហូតមក ដោយលោកស្រីមានជំនឿថា ដូនតាដែលបានស្លាប់នឹងត្រូវបានមកដោះលែងមក ទន្ទឹងចាំផ្លូវកូនចៅមកធ្វើបុណ្យឧទ្ទិសដល់គាត់។

លោកស្រីថ្លែងថា៖ «កាន់បិណ្ឌរាល់ឆ្នាំឱ្យតែបិណ្ឌមួយគឺមកវត្ត ដោយសារសំខាន់អ្នកដែលចែកឋានទៅដូចថាគាត់ចាំផ្លូវគាត់ចៅចឹងយើងត្រូវតែមកខានអត់បានទេថ្ងៃទី១ត្រូវតែមក […] ក្នុង១៥ថ្ងៃ ថ្ងៃបើកដំបូងគឺសំខាន់ណាស់ត្រូវតែមក ព្រោះថាថ្ងៃទី១នឹងគឺបើកអ្នកស្លាប់ឱ្យមកជួបជុំបងប្អូន ណាមួយជីដូនជីតាដែលគាត់ធ្លាប់ធ្វើកម្មវិធីនេះគឺបិណ្ឌទី១នេះតែម្តងគឺហៅថាវេន១នេះតែម្តង តពីជីដូនជីតា»។

ជាមួយគ្នានេះ លោកស្រីក៏សង្កេតឃើញ ប្រជាជនជនខ្មែរនៅតែចងចាំ មិនដែលរំលង និងបន្តប្រាព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះយ៉ាងគគ្រឹកគគ្រេងដូចសព្វមួយដង។


ព្រះតេជគុណ ចាន់ សារឿន ដែលគង់នៅវត្តទួលអស់លោក ប្រមាណ៣ឆ្នាំ មានសង្ឃដីកាថា ពិធីបុណ្យភ្ជុំបិណ្ឌនេះបានប្រារព្ធតាំងពីសម័យបុរាណតរៀងមកដើម្បីឧទ្ទិសជូនដូនតាដែលចែកឋានទៅ ដែលមិនដឹងថានឹងកើតទៅនៅកន្លែងណា ដោយអាចឱ្យញាតិសន្តានមកធ្វើបុណ្យបំពេញទានឱ្យបុព្វការីជនទាំងនោះ។

ព្រះតេជគុណមានសង្ឃដីកាថា៖ «(ពិធីបុណ្យភ្ជុំបិណ្ឌ) មានន័យថាដើម្បីឧទ្ទិសជូនចំពោះដល់បុព្វការីជនមិនដឹងថាគាត់នឹងគឺ ធ្លាក់ភ្លាំងភ្លាត់សតិទៅកើតទីណាឯណាហ្នឹង ក៏យើងមានឱកាសនឹងគឺបានធ្វើបុណ្យធ្វើទានបំពេញបុណ្យកុសល បានជួបជុំគ្នាខែមន្តសន្តរដូវ យើងរលឹកនឹកឃើញដល់បុព្វការីជនទាំងឡាយទាំងពួងនឹងមិនដឹងថាគាត់ទៅកើតចាប់បដិសន្ធិទៅទៅកន្លែងណាក៏អត់ដឹង ហើយជាប្រពៃណីមួយតាំងពីសម័យព្រះបាទអង្គឌួងដែលបានប្រារព្ធបានធ្វើមកតៗភ្ជាប់ជានិច្ចមកដល់យើងសព្វថ្ងៃនឹង»។

ព្រះតេជគុណ ចាន់ សារឿន បានគូសបញ្ជាក់ថា ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ អាចបំពេញកុសល ធ្វើបុណ្ យក្នុងថ្ងៃណាក៏បានអាស្រ័យលើចិត្តជ្រះថ្លាដែលចង់ធ្វើ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតបានគិតថាដោយសារទំនៀមទន្លាប់ តពីដូនតាលើកឡើងថា ខ្លាចដូនតារកមិនឃើញ ដូចនេះក៏មកវត្តដើម្បីឧទ្ទិសមគ្គផល ជាពិសេសដើម្បីប្រតិបត្តិប្រពៃណីរបស់ខ្មែរក្នុងពិធីកានើបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។

គួរឱ្យដឹងដែរថា ការប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌដែលមានពេល១៥ថ្ងៃនេះ គឺបែងចែកពុទ្ធបរិស័ទចំណុះជើងវត្តជាក្រុម និងវេនបន្តបន្ទាប់គ្នា ដើម្បីធ្វើចង្ហាន់និងនំទៅប្រគេនព្រះសង្ឃនៅឯវត្តអារាម ដាក់បិណ្ឌឧទ្ទិសកុសលដល់ញាតិការទាំង៧សណ្តានដែលបានចែកឋានទៅ។

ក្រៅពីបង្សុកូល រាប់បាត្រ ចែកទាន ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពលរដ្ឋក៏តែងតែនាំគ្នាពូនភ្នំខ្សាច់ ដោយពួកគេជឿជាក់ថា ការពូនភ្នំខ្សាច់នេះជាការរំដោះទុក្ខទោស កម្មពៀរវេរា ដែលខ្លួនបានប្រព្រឹត្តិជាតិមុន ជាតិនេះ និងដើម្បីឧទ្ទិសដល់ដូនតាចែកឋានទៅដែរ។

លោកស្រី អ៊ុំ ពុទ្ធារិទ្ធិ ថ្លែងថា៖ «ពូនភ្នំខ្សាច់នឹងបានន័យថាបើសិនជាយើងមានទុក្ខមានទោស យើងសុំខ្សាច់នឹងដើម្បីឱ្យយើងផុតទុក្ខទោស កុំឱ្យមានទុក្ខទោសអ្វី តទៀតចឹងឱ្យវាទៅតាមខ្សាច់នឹង ឱ្យយើងត្រជាក់ត្រជុំមកវិញ កុំឱ្យមានបញ្ហាអ្វី»។

ប្រជាពលរដ្ឋខ្មែរតែងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងតាំងពីយូរណាស់មកហើយ រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះនៅតែមានការគោរព និងប្រតិបត្តិពីប្រជាពលរដ្ឋខ្មែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក