
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបញ្ជាទៅកាស៊ីណូទាំងអស់មិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែង
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំហាមចំពោះបុគ្គលមួយចំនួនចូលលេងល្បែងក្នុងកាស៊ីណូ ឬគ្រឹះស្ថានពាណិជ្ជកម្ម។
បុគ្គលដែលត្រូវហាម គឺបុគ្គលដែលមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន បុគ្គលដែលមានអាវុធគ្រប់ប្រភេទ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និង «ប្រជាពលរដ្ឋខ្មែរទូទៅ» ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។
ជាមួយគ្នានេះ កម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេ កំពុងបម្រើការនៅទីនោះក៏ត្រូវបានហាមឃាត់ផងដែរ។
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានណែនាំ ដល់ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បីបង្ហាញទីតាំងលេងល្បែង ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រកទ្វារចូលបរិវេណកាស៊ីណូ។
ទន្ទឹមនេះ ម្ចាស់កាស៊ីណូ ក៏ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែង របស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និងបណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និងត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន។
ក្នុងករណី ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម រដ្ឋបាល ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕