
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថាការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានតម្រូវការសុំច្បាប់ជាមុននោះទេ
សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះទេ។
លោក ឡុង កុសល នាថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។
លោកបានឱ្យដឹងទៀតថា ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈឲ្យបានត្រឹមត្រូវព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា សម្រាប់ជនជាតិខ្មែរ អត្ថន័យរបស់អង្គរពិតជាធំធេងណាស់ លើសពីអាយុជីវិតទៅទៀត ព្រោះអង្គរជាដួងព្រលឹងនិងវប្បធម៌ជាតិ។ ដូច្នេះប្រសិនបើមានការប្រើប្រាស់រូបភាពអង្គរមិនត្រឹមត្រូវ ឬក៏ការប្រព្រឹត្តនូវកាយវិការមិនស្របណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ នោះសាធារណជនពិតជាមិនអាចទទួលយកបាននោះទេ។
លោកគូសបញ្ជាក់ថា ក្នុងន័យដើម្បីបញ្ចៀសឲ្យបាននូវកំហុសឆ្គងអចេតនាណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់រូបភាពអង្គរ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភាពចាំបាច់ត្រូវការត្រួតពិនិត្យជាមុន នូវគោលបំណងនៃការប្រើប្រាស់រូបភាពអង្គរជាសាធារណៈទាំងអស់។ លោកស្នើសាធារណជន ជាលក្ខណៈក្រុមហ៊ុន ឬឯកជន ដែលជាម្ចាស់ផលិតកម្ម ឬអាជីវកម្មនានា យោគយល់និងចូលរួមប្រតិបត្តិស្របតាមគោលការណ៍ច្បាប់ដែលមានជាធរមាន។
ទន្ទឹមនោះ លោក ឡុង កុសល ក៏បញ្ជាក់បន្ថែមទៀតដែរថា អាជ្ញាធរជាតិអប្សរានឹងធ្វើការកែសម្រួលអំពី យន្តការពាក់ព័ន្ធនឹងការកាត់បន្ថយពេលវេលានៃការស្នើសុំ កាត់បន្ថយដំណើរការនីតិវិធីស្នើសុំ ដើម្បីធ្វើយ៉ាងណាឲ្យសាធារណជនមានការងាយស្រួល និងបង្កើនប្រសិទ្ធភាពការងារបានកាន់តែងាយស្រួលនិងរលូនជាងមុន ខណៈអាជ្ញាធរជាតិអប្សរានឹងរៀបចំឲ្យមាន Call Center (ទំនាក់ទំនងព័ត៌មានតាមទូរស័ព្ទ) និងបង្កើតប្រព័ន្ធស្នើសុំអនឡាញដើម្បីសាធារណជនអាចស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា៕