ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្មហិរញ្ញវត្ថុ ដើម្បីសម្រួលការផ្ទេរប្រាក់ឆ្លងដែន និងទូទាត់ប្រាក់រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា និងថៃ ជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើផ្នែកសេវាកម្មហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីសម្រួលដល់ការផ្ទេរប្រាក់ឆ្លងដែន និងការទូទាត់សងប្រាក់រវាងប្រជាជននៃប្រទេសទាំងពីរ។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជា សិរី បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Cherdkiat Atthakor នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា ដោយផ្តោតសំខាន់លើកិច្ចការលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនាពេលកន្លងមក និងការផ្លាស់ប្តូរទស្សនពីគំនិតផ្តួចផ្តើមថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត សំដៅរួមចំណែកដល់ការរីកចម្រើនវិស័យធនាគារនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ក្នុងជំនួបនេះ លោកស្រី ជា សិរី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើផ្នែកជាច្រើនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចចែករំលែកបទពិសោធន៍លើការងារជំនាញ ការទទួលអាហារូបករណ៍សម្រាប់មន្ត្រីធនាគារជាតិនៃកម្ពុជាទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសថៃ និងជាពិសេសកិច្ចសហការលើការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។

លោកស្រីបានគូសបញ្ជាក់ថា ប្រទេសថៃ គឺជាប្រទេសដំបូងគេដែលប្រទេសកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែន ដែលកិច្ចសហការនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ស្របតាមគោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

ទេសាភិបាលរូបនេះបានបន្ថែមថា ធនាគារកណ្តាលទាំងពីរបាននិងកំពុងអភិវឌ្ឍប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃដើម្បីឱ្យការផ្ទេរមកកាន់ក្រុមគ្រួសារនៅកម្ពុជាប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងចំណាយទាប។

លោកស្រី ជា សិរី ក៏បានលើកឡើងពីគម្រោងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការចែករំលែកព័ត៌មានឥណទានអតិថិជនរវាងប្រទេសកម្ពុជានិងថៃដើម្បីលើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធភាពខ្ពស់។ ស្របពេលវិស័យហិរញ្ញវត្ថុប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស លោកស្រីមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ថែមទៀតនាពេលខាងមុខ។

ក្នុងឱកាសនោះដែរ លោក Cherdkiat Atthakor បានលើកឡើងពីភាពលេចធ្លោរបស់លោកស្រី ជា សិរី ដែលតែងផ្តួចផ្តើមបង្កើតគម្រោងថ្មីៗប្រកបដោយនវានុវត្ត៍ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា និងបានបញ្ជាក់ថា ការណ៍នេះមិនត្រឹមតែបានពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសខាងផ្នែកហិរញ្ញវត្ថុ។

ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រ និងត្រៀមខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរឱ្យកាន់តែរឹងមាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក