ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយមានការចូលរួមពី រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។
ប្រតិបត្តិការតេស្តសាកល្បងនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប។
ក្នុងនោះដែល ក៏មានជើងហោះហើរអន្តរជាតិចំនួន១ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។
គួរឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថាការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គរវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ និងទទឹងប្រវែង ៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡាដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង ៧លាននាក់ ស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល ៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា៕