ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចបានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដើម្បីផ្សព្វផ្សាយគោលនយោបាយឱ្យបានទូលំទូលាយ និងការបន្តជំរុញអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាបន្ថែម នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ថ្លែងក្នុងការបើកដំណើរការជាផ្លូវការនៃសិក្ខាសាលានេះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានចក្ខុវិស័យរយៈពេលវែងចំនួន២គឺ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញការដាក់បញ្ជូលអនុវត្តថ្មីហិរញ្ញវត្ថុ។
លោកមានជំនឿថា ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការកែទម្រង់ធំៗលើឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យកាន់តែមានភាពរស់រវើក។
លោកឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គោលនយោបាយនេះនឹងត្រូវអនុវត្តដោយតួអង្គសំខាន់ចំនួន២ គឺ ធនាគារជាតិនៃកម្ពុជា និងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្រោមការសម្របសម្រួល និងការដឹកនាំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ព្រមទាំងតម្រូវឱ្យមានការចូលរួមពីវិស័យឯកជនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យការអនុវត្តគោល-នយោបាយនេះបានលទ្ធផល។
ទន្ទឹមនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ និងការតម្រង់ទិសដល់ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត និងភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យការអនុវត្តគោលនយោបាយនេះកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលមានជារួមគឺ ការបន្តចូលរួមអនុវត្តគោលនយោបាយឱ្យបានពេញលេញ តាមរយៈការរៀបចំផែនការសកម្មភាពការងារជាក់ស្តែងស្រាវជ្រាវដកស្រង់បទពិសោធន៍ និងរៀនសូត្រជាប់ជាប្រចាំ ព្រមទាំងបង្កើនកិច្ចសហការជិតស្និទ្ធ ប្រកបដោយស្មារតីបុរេសកម្ម ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។
គួរឱ្យដឹងផងដែរថាគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨ ស្ថិតក្រោមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការបរិវត្តកម្មឌីជីថលនៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពសល់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី៕