ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ឃើញថានៅសាលារៀនជាច្រើនបានប្រែក្លាយជាសាលាគំរូតាមការអប់រំ ណែនាំ និងលើកទឹកចិត្ត។ នាយករដ្ឋមន្ត្រីចង់ឱ្យសាលាគំរូទាំងអស់ចែករំលែកបទពិសោធន៍ដល់សាលាដទៃទៀតដើម្បីជំរុញឱ្យសាលាទាំងអស់ក្លាយជាសាលាគំរូផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កត្តាខ្វះខាតអគារសិក្សា និងខ្វះកម្មវិធីម៉ោងសិក្សា គឺជាកត្តាសំខាន់ដែលត្រូវមានការយកចិត្តទុកដាក់ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។ ក្នុងន័យនេះសម្តេចធិបតីចង់ឱ្យមានកម្មវិធីក្លឹបសិក្សាសម្រាប់សិស្សរៀនមិនទាន់គេ ឬកម្មវិធីសង្គម ពោលបណ្តុះស្មារតីសិស្សឱ្យជួយការងារសង្គម។
ថ្លែងនៅក្នុងឱកាសអបអរសាទរ «ទិវាគ្រូបង្រៀន៥តុលា» ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព» សម្តេចធិបតីគូសបញ្ជាក់ថា៖ «អ្វីដែលយើងចង់ធ្វើ គឺត្រូវធ្វើយ៉ាងណាដើម្បីកែប្រែពេលទំនេរនោះ (ទំនេរពីម៉ោងសិក្សា) ទៅជាពេលដែលមានផលប្រយោជន៍ សម្រាប់បង្កើនសមត្ថភាព ឥរិយាបថរបស់សិស្ស និងអត្ថប្រយោជន៍សម្រាប់គ្រូបន្ថែមទៀត»។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បើកាលណាសិស្សានុសិស្សទំនេរពីក្រៅម៉ោងសិក្សាច្រើនពេក នោះនឹងធ្វើឱ្យពួកគេចង់ដើរលេងភ្លេចការសិក្សា និងបង្កើតជាបងធំបងតូច។
សម្តេចថ្លែងថា៖ «អ៊ីចឹងខ្ញុំឱ្យគិតគូរពីការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ហើយកម្មវិធីក្រៅម៉ោងសិក្សាមិនមែនចេះតែដាក់ឱ្យតែបាននោះទេ គឺត្រូវគិតពីគោលដៅផង ក្រៅម៉ោងសិក្សាដូចជាបង្កើតក្លឹប (សិក្សា) ខ្ញុំឃើញកន្លែងខ្លះដាក់ឱ្យអនុវត្តកម្មវិធីតាមដាន ឧទាហរណ៍សិស្សគាត់រៀនពីព្រឹក ពេលល្ងាចគាត់មកក្លឹបជាជុំអ៊ីចឹង គ្រូគាត់ជួយរំលឹកជួយអី ជួយសិស្សរៀនមិនទាន់»៕