ភ្នំពេញ៖ ក្រសួងព័ត៌មានបានព្រមានចំពោះក្រុមហ៊ុនកាស៊ីណូ Top Diamand និងអ្នកកាសែតប្រមាណ ៧០០ ទៅ ៩០០ស្ថាប័ន ដែលបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ក្រសួងទុកពេល ២សប្ដាហ៍ដល់កាស៊ីណូ និងស្ថាប័នព័ត៌មានទាំងនោះចូលខ្លួនបកស្រាយនៅក្រសួងចាប់ពីថ្ងៃពុធនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងព័ត៌មានព្រមានដល់អង្គភាពសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធ បញ្ឈប់សកម្មភាពស្នើសុំ ឬទារប្រាក់នានាពីក្រុមហ៊ុនកាស៊ីណូ Top Diamand នេះតទៅទៀត បើមិនដូច្នោះទេអ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។
ជាមួយគ្នានេះ ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ក៏ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុប អាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ដោយឡែក ម្ចាស់ក្រុមហ៊ុនស៊ីណូថបដោយអិម៉ិន Top Diamand Casino វិញ ក៏ត្រូវផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ហើយក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ ធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណ៏នៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ជូន មកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។
ក្រសួងព័ត៌មានក៏បានឱ្យអ្នកសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះចូលខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្នុងរយៈពេល ១ខែយ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្រសួងសង្កត់ធ្ងន់ថា៖ «ក្នុងករណីរឹងរូស់មិនព្រមចូរខ្លួនរាយការណ៍ អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន»។
ដោយឡែកសម្រាប់ករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែល ពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
គូសរំលឹកថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនកាស៊ីណូ Top Diamand Casino បានចេញសេចក្តីជូនដំណឹងដ៏ភ្ញាក់ផ្អើលមួយ អំពីការឈប់ផ្តល់ប្រាក់ឧបត្ថម្ភដល់អង្គភាពសារព័ត៌មាន ដោយសារតែក្រុមហ៊ុនពុំមានលទ្ធភាពផ្តល់ឱ្យទៀត ខណៈកន្លងមកក្រុមហ៊ុនកាស៊ីណូមួយនេះបានផ្តល់ប្រាក់ឧបត្ថម្ភក្នុងមួយខែៗដល់អ្នកសារព័ត៌មានមកពី ៧០០អង្គភាព ដល់ ៩០០អង្គភាព។
ក្នុងសេចក្តីជូនដំណឹងនោះដដែលបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនបានផ្តល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ជេតនាសម្រាប់បាយទឹក និងសាំងជូនដល់អ្នកសារព័ត៌មានដែលឆ្លងកាត់ទីតាំងរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនក៏បានប្រកាសថានឹងឈប់ផ្តល់ឱ្យតទៅទៀតចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣៕