BREAKING NEWS: នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចបន្តការអនុវត្ត យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេសសម្រាប់រយៈពេល ៧ថ្ងៃរហូតដល់ថ្ងៃទី១៩ ខែសីហា
ភ្នំពេញ: “យុទ្ធនាការពង្រឹងវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩” នៅទូទាំងប្រទេស និងវិធានការ បិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល១៤ថ្ងៃ ត្រូវបានចាប់អនុវត្តកាលពីម៉ោង ២៣:៥៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ ២៣:៥៩ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនដើម្បីត្រូវអនុវត្តជាបន្ទាន់ក្នុងយុទ្ធនាការនោះសំដៅការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុវត្តវិធានការបិទបណ្តាខេត្តជាប់ព្រំដែន និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិរយៈពេល ១៤ថ្ងៃកន្លងមកនេះ បានជួយដល់ការគ្រប់គ្រងនិងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍មេរោគកូវីដ-១៩ ប្រភេទដែលតា។
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុង សហគមន៍នៃមេរោគ កូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣:៥៩ នាទីស្អែកនេះ, នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុន សែន បានសម្រេចបន្តការអនុវត្ត "យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ឱ្យបន្តប្រកាន់ខ្ជាប់នូវអភិក្រមម៉ឺងម៉ាត់ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងអំឡុងពេលនៃការបន្តការអនុវត្តយុទ្ធនាការរយៈពេល ៧ថ្ងៃបន្ថែមទៀតនេះ ត្រូវបន្តដាក់ចេញនិងជំរុញអនុវត្តវិធានការរឹតត្បិតចាំបាច់ទាំងឡាយឱ្យកាន់តែមានប្រសិទ្ធិភាពនិងភាពស៊ីចង្វាក់គ្នានៅទូទាំងប្រទេសស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ អេស ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការចាប់ផ្តើមយុទ្ធនាការពង្រឹងវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕