
ប្រធានក្រុមអ្នកនាំពាក្យក្រសួងសង្គមកិច្ចស្នើឱ្យមានការបណ្ដុះបណ្ដាលរបៀបសរសេរព័ត៌មានដល់មន្ត្រីក្រសួង
ភ្នំពេញ៖ រដ្ឋលេខាធិការ និងប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានស្នើដល់នាយកក្រុមហ៊ុនPR និងជាទីប្រឹក្សាគ្រប់គ្រងព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍ PNNលោក Glen Felgate ដើម្បីពិគ្រោះយោបល់រៀបចំវគ្គបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងជំនួបមួយនៅរសៀលថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះជាមួយលោក Glen Felgate លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា ការបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ក្រសួងគឺផ្ដល់ភាពងាយស្រួលក្នុងធ្វើបុរេសកម្មនិងប្រតិកម្មរហ័សជុំវិញកិច្ចដែលក្រសួង និងមន្ទីរសង្គមកិច្ចបានអនុវត្តកន្លងមកដើម្បីសរសេរឱ្យមានលក្ខណៈឯកទេស និងយល់អំពីរបៀបឆ្លើយតបជាមួយអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋ។
លោក Glen Felgate គឺជាបុគ្គលម្នាក់ដែលមានជំនាញវិជ្ជាជីវៈផ្នែកសារព័ត៌មានជាច្រើនឆ្នាំមកហើយជាមួយបណ្តាលសារព័ត៌មានធំៗនៅលើពិភពលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បើពុំមានអ្វីប្រែប្រួល គម្រោងរៀបចំវគ្គបណ្តុះបណ្តាលខ្លីអំពីរបៀបសរសេរព័ត៌មាននេះនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អាចចូលរួមសិក្សាដោយសេរី៕