ភ្នំពេញ៖ អាជ្ញាធរហាមរថយន្តដឹកទំនិញធុនធំ ធ្វើដំណើរចូលមកភ្នំពេញតាមផ្លូវជាតិលេខចាប់ពីតំបន់និរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ខណៈតម្រាយផ្លូវទាំងនេះមានការកកស្ទះចរាចរណ៍ខ្លាំងដោយសារការដ្ឋានសាងសងស្ពានអាកាសព្រះមុនីវង្ស។
បំរាមនេះត្រូវបានប្រកាសឱ្យដឹងដោយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំស្តីពី «ការងារការពារសន្តិសុខ សុវត្ថិភាព» ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីស្នងការដ្ឋានរាជធានី ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានី កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញបានថ្លែងឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការស្វែងរកមធ្យោបាយដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសការសម្រួលក្បួនថ្នាក់ដឹកនាំឱ្យបានរលូន និងកាត់បន្ថយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
លោក ឃួង ស្រេង បានបញ្ជក់ថា ជារៀងរាល់ថ្ងៃកំណាត់ផ្លូវជាតិលេខ១ មានការកកស្ទះចរាចរណ៍ជាខ្លាំង ហើយតាំងពីមានការដ្ឋានសាងសង់ស្ពានអាកាសថ្មី គឺរឹតតែកកស្ទះបន្ថែមទៀត។ លោកបន្តថា ទោះបីការដ្ឋាននេះសាងសង់រួចរាល់ក្តី ក៏ទីតាំងនេះនៅតែប្រឈមនៃការបញ្ហាកកស្ទះដដែលទេ ព្រោះតែរំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១។
លោកបន្ថែមថា តែយ៉ាងណារដ្ឋបាលរាជធានីភ្នំពេញនឹងបន្តរកដំណោះស្រាយដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ត្រង់ស្ពានរង្វង់មូលក្បាលថ្នល់ និងនៅមុខក្រសួងមហាផ្ទៃ។ ជាក់ស្តែង ស្ពានបេតុងខ្សែកាបឆ្លងពីកោះនរាទៅទីក្រុងកោះពេជ្រ កំពុងតែស្ថិតក្រោមការសាងសង់ជិតរួចរាល់ ហើយគ្រោងដាក់ដំណើរការឆាប់ៗនេះ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេ២ កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពានឆ្លងទន្លេទាំងពីរនេះស្ថាបនារួចរាល់ នោះតំបន់ខាងលើនេះលែងកកស្ទះចរាចរណ៍ទៀតហើយ៕