
រដ្ឋមន្រ្តីក្រសួងសុខាភិបាលចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ព្រមទាំងពិនិត្យវឌ្ឍនភាព នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីសុខាភិបាលនាថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ គឺក្នុងគោលបំណងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់អនុសាសន៍គន្លឹះមួយចំនួន ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
ជាមួយគ្នានេះ លោក ឈាង រ៉ា ក៏បានពិនិត្យវឌ្ឍនភាពរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំ ជូនប្រជាជន ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព ៣ចំណុច ដែលបានដាក់ចេញ។
គួរឱ្យដឹងដែរថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់រួចជាស្ថានពរ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាចុងខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា។
មន្ទីរពេទ្យនេះមានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ វះកាត់ អគារសម្រាកព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល ជាច្រើនដែលអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ១ម៉ឺនគ្រែ និងបំពាក់ដោយសម្ភារបរិក្ខាពេទ្យទំនើបៗ។
ទន្ទឹមនឹងការអភិវឌ្ឍន៍នេះ រដ្ឋមន្រ្តីសុខាភិបាល លោក ឈាង រ៉ា ក៏បានណែនាំត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាលអ្នកជំងឺបន្ថែមទៀត ជាពិសេសត្រូវពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕