រដ្ឋាភិបាលបន្តមិនយកពន្ធដីស្រែ កសិផល ពន្ធចលនទ្រព្យ ពន្ធប្រថាប់ត្រាការផ្ទេរអចលនទ្រព្យទៅសាច់ញាតិ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនបង្កើតពន្ធថ្មីឡើយក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏មិនបន្តយកពន្ធលើដីស្រែរបស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ កសិផល សម្ភារកសិកម្ម ពន្ធកសិផលពីប្រជាកសិករ ពន្ធចលនទ្រព្យតម្លៃក្រោម ២៥,០០០ដុល្លារ មិនយកពន្ធប្រថាប់ត្រា ក្រោម៧ម៉ឺនដុល្លារ មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យឱពុកម្តាយទៅកូន ពីប្តីមកប្រពន្ធ ពីជីដូនជីតាទៅចៅ មិនយកពន្ធលើម៉ូតូ កង់៣ និងពន្ធផ្លូវនោះទេ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ០៩៩នាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោនាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា ពន្ធទាំងនេះគឺរាជរដ្ឋាភិបាលមិនយកតាំងពីឆ្នាំ២០១១ រហូតដល់ពេលនេះ។
សម្តេចធិបតីថ្លែងថា៖«ហ្នឹងហើយក្រៅពីមិនបង្កើតអី(ពន្ធ)ថ្មី មិនបង្កើតអ្វីដែលមានស្រាប់ រដ្ឋប្តេជ្ញាចិត្តនូវអ្វីដេលយើងមិនបានយក និងបន្តមិនយកតទៅទៀត»។
សម្តេចធិបតីបន្ថែមថា រដ្ឋាភិបាលក៏មិនទាមទារភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនៅតាមទីផ្សារនោះទេ៕