ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចមិនបានសម្រាកនោះទេរហូតដល់ម៉ោង ១២កណ្ដាលយប់ ក៏ព្រោះសម្ដេចនៅតែតាមដានអំពីព័ត៌មាន និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
សម្ដេចបានលើកឡើង ថាសម្ដេចបានទទួលដឹងព័ត៌មានទាំងអស់ក៏ប៉ុន្តែសម្ដេចនិងលូកដៃទៅក្នុងអង្គភាពជំនាញនោះទេគ្រាន់តែបញ្ជាឲ្យអង្គភាពទាំងនោះពិនិត្យ។
ថ្លែងក្នុងជំនួបជាមួយកម្មករជិត ២ម៉ឺននាក់ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ៍ ទី៣ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការងារមួយចំនួនសម្ដេចធ្វើផ្ទាល់ និងមួយចំនួនទៀតសម្ដេចបានបញ្ជាពីលើទៅអង្គភាពជំនាញឲ្យពិនិត្យ ពន្យល់ និងបកស្រាយ។ សម្ដេចថានេះជាការធ្វើនយោបាយរបស់សម្ដេចដោយតម្រូវឲ្យអង្គភាពជំនាញត្រូវមានទំនួលខុសត្រូវលើការងារខ្លួន និងពលរដ្ឋ។
សម្ដេចថា៖ «ទោះខ្ញុំមិនចេញធ្វើផ្ទាល់ខ្ញុំតាមដានរហូតអាជ្ញាធរពាក់ព័ន្ធត្រូវតែធ្វើ»។
សម្ដេចបានលើកឡើងថា មានការងារជាច្រើនដែលសម្ដេចបានធ្វើទាក់ទងទៅនឹងបញ្ហាពន្ធដារ បញ្ហានៃការលួចចម្លងប្រាសាទអង្គរវត្ត បញ្ហានៃការតវ៉ារវាងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដែលទាំងអស់នេះសម្ដេចទុកឱកាសឲ្យស្ថាប័នជំនាញធ្វើការដោះស្រាយនិងបកស្រាយទៅកាន់ប្រជាពលរដ្ឋ៕