ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចបាននូវការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករសម្រាប់ឆ្នាំ២០២៤។ សម្ដេចថាបើទោះបីជា«ឡើងតិចតួចក្ដីតែវាប្រសើរជាងការបាត់បង់ការងារដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង»។
សម្ដេចតេជោបានសរសេរនៅលើបណ្ដាញសង្គមរបស់សម្ដេច ថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នេះថា៖ «នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្តន៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង»។
គួរឲ្យដឹងផងដែរថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ពី ២០០ដុល្លារ ទៅ ២០៤ដុល្លារក្នុងមួយខែ។ ប្រាក់ឈ្នួលនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៤។ នេះបើតាមលទ្ធផលកិច្ចប្រជុំសម្រេចចុងក្រោយរវាងភាគីសហជីព និយោជក និងតំណាងរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕