លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អគ្គនាយកសេវាសង្គមកិច្ច៖ ប្រជាជនវ័យចាស់កម្ពុជាមានភ័ព្វសំណាងជាងប្រជាជនវ័យចាស់នៅបណ្ដាប្រទេសផ្សេង

ភ្នំពេញ៖ អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឌីន បូរី បានលើកឡើងថា ប្រជាជនវ័យចាស់កម្ពុជាមានភ័ព្វសំណាងជាងប្រជាជនវ័យចាស់នៅបណ្ដាប្រទេសផ្សេង ដោយសារកត្តប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិខ្មែរដែលតែងតែរស់នៅជុំគ្នា និងមើលថែរក្សាដល់ឪពុកម្ដាយ យាយតា របស់ខ្លួន។

ថ្លែងក្នុងឱកាសប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ ២០២៣ ព្រឹកថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ លោក ឌីន បូរី បានថ្លែងទំនៀមទម្លាប់នៃការរស់នៅជុំគ្នាជាលក្ខណៈប្រព័ន្ធគ្រួសារដែលមានមនុស្សច្រើនជំនាន់រស់នៅជាមួយគ្នា ហើយការរស់នៅជាប្រព័ន្ធគ្រួសារបែបនេះ គឺជាសំណាញ់សុវត្ថិភាពបែបប្រពៃណីដែលអាចជួយដល់មនុស្សវ័យចាស់មិនឱ្យជួបប្រទះបញ្ហានានាដែលអាចកើតមានឡើងចំពោះពួកគាត់។

ទោះជាយ៉ាងណាលោកថាមនុស្សចាស់នៅកម្ពុជាក៏ប្រឈមនឹងបញ្ហាមួយចំនួនផងដែរទាក់ទងនឹងសន្ដិសុខហិរញ្ញវត្ថុ ការថែទាំសុខភាព ការថែទាំរយៈពេលវែង របៀបរបបនៃការរស់នៅ ការផ្លាស់ទី ទំនាក់ទំនងអន្តរជំនាន់ និងការគាំទ្រពីប្រជាជនវ័យក្មេង។

លោកថា៖ «ក្នុងនាមអគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្នុងស្មារតីនៃការរួមចំណែកក្នុងការបន្ដលើកកម្ពស់គុណភាពជីវិតនិងសុខុមាលភាពមនុស្សវ័យចាស់ ក្រសួង ស្ថាប័នជំនាញនានានិងអ្នកមានចំណែកពាក់ព័ន្ធទាំងអស់ នឹងសហការគ្នាក្នុងការធានាឱ្យមានយន្ដការសម្របសម្រួលជាលក្ខណៈអន្ដរ វិស័យប្រកបដោយប្រសិទ្ធភាព និងការធ្វើហិរញ្ញប្បទានសមស្របនិងទាន់ពេលវេលា ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្ដផែនការសកម្មភាពនេះ»។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងក្នុងការជួយដល់មនុស្សចាស់ជាការងារពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ និងដោះស្រាយប្រកបដោយមានការរួមបញ្ចូលគ្នា។

លោករដ្ឋមន្ត្រីក៏បានលើកឡើងដែរថា គិតត្រឹមឆ្នាំ២០១៩ ចំនួនប្រជាជនវ័យចាស់មានចំនួនប្រមាណជាង ១លាន ៣សែននាក់ ស្មើនឹង ៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ លោកថាអ្វីដែលជាការព្រួយបារម្ភគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។

លោកថា៖ «មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារ ការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ»

ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថាគិតត្រឹមឆ្នាំ២០២៣ ក្រសួងសង្គមកិច្ចបានបង្កើ់តសមាគមមនុស្សចាស់បានចំនួន ១ ៦៤៦ ឃុំ-សង្កាត់ ដែលគ្របដណ្ដប់ទូទាំងប្រទេស ហើយថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅរាជធានី-ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបងផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក