ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថាកម្មករនិយោជិតទាំងអស់អាចឈប់សម្រាក៣ថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ឈ្នួល។ ក្រសួងការងារបានណែនាំឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ក្រសួងការងារបានប្រាប់ទៅរោងចក្រ សហគ្រាស និងគ្រឹះស្ថានដែលមិនអាចផ្អាកដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនបាន ដោយកម្មករនិយោជិតមិនអាចឈប់ព្រមគ្នាបានក្នុងពេលតែមួយ ម្ចាស់រោងចក្រ សហគ្រាសអាចរៀបចំបែងចែកវេនផ្លាស់គ្នាឈប់សម្រាកផ្សេងឱ្យទៅកម្មករនិយោជិត។
ក្រសួងការងារណែនាំឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ និយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួត ពិនិត្យរបស់អធិការការងារ។
សម្រាប់កម្មករនិយោជិតដែលបន្តធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ គឺមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។
ឆ្នាំនេះកម្ពុជាប្រារព្ធពិធីបុណ្យកាន់បិណ្ឌចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងថ្ងៃទី១៣ និង១៤ ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ។ ជាទូទៅ បុណ្យភ្ជុំបិណ្ឌមានរយៈ ១៥ថ្ងៃ ដោយក្នុងរយៈពេល ១៥ថ្ងៃនោះពលរដ្ឋខ្មែរតែងធ្វើបាយសម្ល នំនេក ផ្លែឈើ គ្រឿងបរិភោគផ្សេងៗ និងបច្ច័យ (ជាលុយ) ទៅប្រគេនដល់ព្រះសង្ឃនៅតាមវត្តទីជិត ទីឆ្ងាយ ដើម្បីឧទ្ទិសកុសលជូនសាច់ញាតិទាំង៧សន្តាន និងបងប្អូនដែលបានចែកឋានទៅ៕