
ក្រសួងសាធារណការណែនាំមន្ទីរសាធារណការរាជធានីខេត្តត្រូវចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់ស្ពានដែលខូចខាតដោយសារទឹកជំនន់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានណែនាំដល់មន្ទីរសាធារណការរាជធានីខេត្ត និងអ្នកពាក់ព័ន្ធនានាទៀត ចាត់កម្លាំងជាបន្ទាន់ចុះជួសជុល និងតភ្ជាប់ផ្លូវថ្នល់-ស្ពានដែលមានការកាត់ផ្តាច់ដោយសារជំនន់ទឹកភ្លៀង និងលើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួងសាធារណការ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ បានណែនំាឱ្យត្រូវចាត់កម្លាំងដំឡើងផ្លាកសញ្ញាចរាចរណ៍ និងផ្លាកសញ្ញាសុវត្ថិភាព នៅតាមទីតាំងដែលកំពុង និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ និងអ្នកដំណើរ។
រដ្ឋមន្ត្រីក៏បានណែនាំឱ្យត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីទប់ទល់គ្រោះទឹកជំនន់ ទប់ស្កាត់មធ្យោបាយដឹកជញ្ចូនធុនធ្ងន់ដែលឆ្លងកាត់ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់ និងផ្សព្វផ្សាយផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។
លោក ប៉េង ពោធិ៍នា បន្តណែនាំឱ្យត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី ដើម្បីត្រៀមចូលរួម ធ្វើអន្តរាគមន៍រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីណែនាំឱ្យត្រូវចូលរួមកៀរគររកជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិ ដែលមានកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន៕