ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី មានប្រសាសន៍ថាលោកអាចឈានជើងដល់សព្វថ្ងៃដោយសារតែការរៀនសូត្រច្រើនពីមនុស្សចាស់ ដោយថាហាក់ដូចជានិស្ស័យមួយរវាងលោកនិងមនុស្សចាស់ដូច្នោះដែរ ព្រោះចាប់តាំងពីការសិក្សារហូតដល់ធ្វើការលោកធ្វើការស្និតច្រើនជាមួយមនុស្សចាស់ជាងក្មេង។
ថ្លែងក្នុងទិវាមនុស្សចាស់កម្ពុជា ឆ្នាំ២០២៣ ព្រឹកថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច រដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងដោយរម្លឹកទៅក្នុងពេលដែលលោកសិក្សានៅសហរដ្ឋអាមេរិក នៅអាយុ២៤ ទៅ២៥ឆ្នាំ លោកបានរាប់អានច្រើនពីពលរដ្ឋខ្មែរដែលរស់នៅទីនោះដែលអ្នកទាំងអស់នោះសុទ្ធតែមានអាយុបងលោកដល់ទៅជាង ២០ឆ្នាំ។ លោកបន្ថែមថាក្នុងពេលដែលលោកធ្វើការជានគរបាលនៅក្រសួងមហាផ្ទៃ និងឡើងធ្វើជាអភិបាលខេត្តព្រៃវែងក៏ដូចគ្នា គឺសុទ្ធតែមានមនុស្សចាស់ធ្វើការជាមួយលោកទាំងអស់។
លោកថា៖ «បើនិយាយការពិតទៅខ្ញុំតែងតែរៀនសូត្រពីមនុស្សចាស់ច្រើនដែលផ្ដល់បទពិសោធន៍ទាំងឪពុកបង្កើត ទាំងឪពុកក្មេក ទាំងគ្រូបង្រៀន ដូចសម្ដេចតេជោលោកមានប្រសាសន៍ចឹងក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ»។
លោក ជា សុមេធី បានលើកឡើងថា បទពិសោធន៍និងការងារសហការ គឺជាជោគជ័យក្នុងការដឹកនាំស្ថាប័ន ដែលលោកថាមនុស្សចាស់ពិតជាមានបទពិសោធន៍ និងអាចបង្រៀនលោកបានយល់ដឹងនូវការងារច្រើនដែលអាចធ្វើឱ្យលោកឈានជើងមកដូចសព្វថ្ងៃ។
គួរឱ្យដឹងផងដែរថា ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២៣នេះមានឈ្មោះថា «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។ យោងតាមស្ថិតិជំរឿនឆ្នាំ២០១៩ កម្ពុជាមានមនុស្សចាស់ប្រមាណ ១លាន ៣សែននាក់ នឹង៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់៕