ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីសង្គមកិច្ចបញ្ជាឱ្យបើកដំណើរការការបណ្ដុះបណ្ដាលភ្នាក់ងារថែទាំមនុស្សចាស់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានបញ្ជាឱ្យដាក់ដំណើរមជ្ឈមណ្ឌលជាតិគាំពាមនុស្សចាស់ ក្នុងការបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំមនុស្សចាស់ ដើម្បីបង្កើនការយកចិត្តទុកដាក់ដល់មនុស្សចាស់នៅកម្ពុជាបន្ថែមទៀត។

ថ្លែងក្នុងទិវាមនុស្សចាស់កម្ពុជា ឆ្នាំ២០២៣ ព្រឹកថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច រដ្ឋមន្ត្រី ជា សុមេធី បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចជាជំរុញការរៀបចំទិវាមនុស្សចាស់កម្ពុជាជារៀងរាល់ឆ្នាំ ត្រូវបន្ដពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ឱ្យកាន់តែប្រសើរ។

លោកក៏បានបញ្ជាទៅអង្គភាពជំនាញរបស់ក្រសួង ត្រូវបន្តលើកទឹកចិត្ដដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ជាពិសេសអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ដើម្បីបន្ដអនុវត្ដគម្រោងបន្ថែមទៀតក្នុងទិសដៅលើកស្ទួយសុខុមាលភាពនិងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ ពិសេសលើកទឹកចិត្តឱ្យចូលរួមបង្កើនការបង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដើម្បីផ្ដល់សេវាថែទាំមនុស្សចាស់ តាមរយៈភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ជាមួយគ្នានឹងការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលជាតិគាំពាមនុស្សចាស់ ក្នុងការបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំមនុស្សចាស់ផងដែរ។

ការពង្រឹងសេវាបន្ថែមនេះជាការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីសង្គមកិច្ចបន្ថែមទៀតបន្ទាប់ពីសមាគមមនុស្សចាស់ទូទាំងប្រទេសត្រូវបានបង្កើតឡើង។

ក្នុងស្ថិតិឆ្នាំ២០១៩ មនុស្សចាស់នៅកម្ពុជាមានប្រមាណ ១លាន ៣សែននាក់ ស្មើនឹង ៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។

លោករដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពមនុស្សចាស់ ដោយប្រែក្លាយគោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០២០ និងឯកសារគតិយុត្តិទាំងឡាយពាក់ព័ន្ធនឹងមនុស្សចាស់ឱ្យក្លាយជាការអនុវត្តដែលមានស័ក្តិសិទ្ធិភាព។

លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន ជាពិសេសបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ដែលបានរួមចំណែកយ៉ាងសកម្ម យកចិត្តទុកដាក់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សចាស់ សំដៅរួមចំណែក ក្នុងការលើកកម្ពស់សុខមាលភាពមនុស្សចាស់នៅកម្ពុជាកាន់តែប្រសើរឡើង។ លោកក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្ដរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្ដោតការយកចិត្ដទុកដាក់ឱ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឱ្យទៅជាប្រព័ន្ធគ្រប់គ្រង ចាត់ចែងដើម្បីអាចធានាបានថា មនុស្សចាស់មានភាពកក់ក្ដៅលើប្រព័ន្ធសេវារបស់រដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក