ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹង ក្រសួងបានបង្កើតសមាគមមនុស្សចាស់បានចំនួន ១ ៦៤៦ ឃុំ-សង្កាត់ នៅទូទាំងរាជធានី-ខេត្ត សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមកក្នុងករណីមានធុរៈ។
ថ្លែងក្នុងខួប ២៥ឆ្នាំនៃទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ នៅថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងសង្គមកិច្ច លោករដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា នេះជាសមិទ្ធផលថ្មីរបស់ក្រសួង ដើម្បីរួមចំណែកក្នុងការអនុវត្ដគោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។
ក្រៅពីបានបង្កើតសមាគមមនុស្សចាស់បានទូទាំងប្រទេសថ្មីៗនេះក្រសួងបានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅរាជធានី-ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបង។
គួរឱ្យដឹងផងដែរថា ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២៣នេះមានឈ្មោះថា «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។
យោងតាមស្ថិតិជំរឿនឆ្នាំ២០១៩ កម្ពុជាមានមនុស្សចាស់ប្រមាណ ១លាន ៣សែននាក់ នឹង៨,៩% នៃចំនួនប្រជាជនសរុបជាង ១៥លាននាក់។ អ្វីដែលជាការព្រួយបារម្ភរបស់យើងគឺ មនុស្សចាស់ដែលរស់នៅតំបន់ជនបទដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។ មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ។
ដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់។ ជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា៕