
អាជ្ញាធរក្រុងប៉ោយប៉ែត ស្នើសុំឲ្យអាជ្ញាធរស្រុកអារញ្ញប្រាថេត ប្រទេសថៃជួបសម្របសម្រួលទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនខ្មែរជាអាជីវករលក់ដូរក្នុងផ្សាររោងក្លឿ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានជួបពិភាក្សាការងារជាមួយអាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក្នុងការជួយសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរជាអាជីវករលក់ដូរក្នុងផ្សាររោងក្លឿ រួមនឹងតំបន់ក្បែរនោះ ស្ថិតក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
នៅក្នុងនោះអាជ្ញាធរក្រុងប៉ោយប៉ែតបានស្នើសុំដល់ភាគីថៃ ដើម្បីជួយសម្របសម្រួល ទីតាំងសម្រាប់ការចាក់វ៉ាក់សាំងជូនបងប្អូនអាជីវករខ្មែរ ដែលលក់ដូរនៅផ្សារោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់ពីបានជួបពិភាក្សាការងារ អាជ្ញាធរនៃភាគីខេត្តជាប់ព្រំដែននៃប្រទេសទាំង២ មិនទាន់មានការឯកភាពសម្រេចជាលទ្ធផលនោះទេ ដោយរង់ចាំថ្នាក់ដឹកនាំខេត្តទាំង២ គឺខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជួបពិភាក្សាគ្នាដើម្បីធ្វើការសម្រេច។
សូមបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី១០ ខែសីហា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន៨០.៣៨%ហើយ លើផែនការចាក់ជូនពលរដ្ឋទូទាំងប្រទេសកម្ពុជាចំនួន១០លាន៕