ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការជម្លៀសមកកាន់ទីទួលសុវត្ថិភាពគេចពីទឹកជំនន់ និងជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗក្នុងពេលទឹកកំពង់ជន់លិចនេះ។
សម្ដេចធិបតីបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមសម្ដេចនៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «សូមបងប្អូន អ៊ុំពូមីង លោកយាយលោកតា មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិចទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា»។
ជាមួយគ្នានោះសម្ដេចបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះផងដែរ៕