កែប៖ បុណ្យសមុទ្រឆ្នាំនេះ នឹងធ្វើឡើងនៅខេត្តកែបរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំនេះ។
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ មានប្រសាសន៍ថានេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ខេត្តកែប ដើម្បីបង្ហាញឱ្យពិភពលោកបានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដនៅប្រទេសកម្ពុជា និងខេត្តកែប។
ខណៈនៅសល់រយៈពេល ២ខែទៀតបុណ្យសមុទ្រនឹងឈានមកដល់ លោក សោម ពិសិដ្ឋ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធនានា យកចិត្តទុកដាក់កែលម្អសោភ័ណភាព សម្ពាតបរិស្ថាន រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។
ប្រធានគណៈកម្មការអន្តរក្រសួង លោក ទិត ចន្ថា បានថ្លែងឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រ គឺជាព្រឹត្តិការណ៍មួយដ៏ធំជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន ក្នុងមូលដ្ឋានខេត្តកែប។
លោកបន្តថា បុណ្យសមុទ្រនេះទៀតសោត ក៏នឹងរួមចំណែកជួយផ្សព្វផ្សាយ ពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល និងជួយជំរុញឱ្យខេត្តកែប មានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន។
លោកគូសបញ្ជាក់ថា បុណ្យសមុទ្រឆ្នាំនេះនឹងមានការរៀបចំកម្មវិធីជាច្រើនដូចជា រត់ប្រណាំង និងប្រដាល់គុនខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគំតន្ដ្រីមហាជនជាដើម។
តែយ៉ាងណាមិញ លោកបានណែនាំឱ្យរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធនានាកៀរគររកដៃគូកិច្ចសហការជាមួយវិស័យឯកជន ដើម្បីឱ្យពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣នេះប្រព្រឹត្តទៅដោយរលូន៕