
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រារព្ធពិធីបួងសួង នៅរមណីយដ្ឋានប្រាសាទកោះកេរ
ព្រះវិហារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញប្រារព្វពិធីបួងសួងឧទ្ទិសដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
ពិធីនានៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ស្ថាប័នថ្នាក់ជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ។
គួរឱ្យដឹងដែរថា ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។
ប្រាសាទកោះកេរ មានទំហីដីជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។ ប្រាសាទប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ ៣៥ម៉ែត្រ ចែកចេញជា ៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ ៥៥កាំ។
តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់ ៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម។
ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ដោយមាន ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន៥៦៕