ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជាមានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក។
លោកស្រី Devyani Uttam Khobragade ថ្លែងឡើងដូចនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាគូសបញ្ជាក់ថា ការចូលរួមចំណែកនេះ នឹងធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ឥណ្ឌា និងបានសន្យាថា នឹងផ្តល់ថវិកាគាំទ្រ ចូលរួមជាចំណែកក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងបន្តរិតចំណងការទូតកម្ពុជា ឥណ្ឌាឱ្យកាន់តែរឹងមាំថែមទៀត។
ក្នុងជំនួបនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងបានលើកឡើងពីទិសដៅអាទិភាព ដែលក្រសួងបានកំពុងដាក់ចេញ គឺសំដៅឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់សំណល់ប្លាស្ទិក ដែលសំណល់ទាំងនោះ បានបំភាយសារធាតុគីមីពុលចូលទៅក្នុងបរិយាកាសមានទឹក ដី ខ្យល់។
លោក អ៊ាង សុផល្លែត បានឱ្យដឹងទៀតថា យុទ្ធសាស្រ្តបន្តគឺការផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋឱ្យរៀបចំទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងការផ្លាស់ប្តូរទាំងនោះ ក្រសួងនឹងមានការលើកទឹកចិត្តទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទីក្រុងស្អាត និងប្រទេសកម្ពុជាទាំងមូលមានសោភ័ណភាពល្អ គ្មានសំណល់ប្លាស្ទិក។
គួរឱ្យដឹងដែរថា យុទ្ធនាការ ១កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជាមានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញារបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់រាប់ជំនាន់ទៅ ព្រោះថាកាលបើសិស្សានុសិស្សឈប់ប្រើថង់ប្លាស្ទិកហើយ ក្រុមគ្រួសារ និងសហគមន៍គាត់នឹងមិនប្រើថង់ប្លាស្ទិកដូចគ្នា ទំលាប់នេះនឹងបន្តរីកសាយតជំនាន់ទៅ៕