រដ្ឋមន្ត្រីការងារថាក្រៅពីតម្លើងប្រាក់ខែដល់ ២០៤ដុល្លារ រដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតដើម្បីកាត់បន្ថយការចំណាយរបស់កម្មករ
ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឡើងបាន ៤ដុល្លារ ដែលមានតម្លៃ ២០៤ដុល្លារក្នុងមួយដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ។ រដ្ឋមន្ត្រីការងារបានបញ្ជាក់ថាក្រៅពីតម្លើងប្រាក់ខែនេះរដ្ឋាភិបាលនឹងខិតខំដើម្បីកាត់បន្ថយការចំណាយរបស់កម្មករបន្ថែមទៀតផងដែរ។
បើតាមលទ្ធផលកិច្ចប្រជុំសម្រេចចុងក្រោយរវាងភាគីសហជីព និយោជក និងតំណាងរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ភាគីទាំង៣ បានបោះឆ្នោតតួលេខចំនួន ២០២ដុល្លារ មានចំនួន ៤៦ លើ ៥១សំឡេង តួលេខចំនួន ២០៤ដុល្លារ មាន០ លើ ៥១សំឡេង និងតួលេខចំនួន ២១៣ដុល្លារ មានចំនួន៥ លើ ៥១សំឡេង។
ប្រាក់ខែ ២០៤ដុល្លារ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ២០២ដុល្លារសម្រាប់កម្មករនិយោជិតសាកល្បង។ ជាមធ្យមប្រាក់ខែអប្បបរមារបស់កម្មករនិយោជិតអាចនឹងមានចន្លោះពី ២២១ដុល្លារឡើងទៅ បើបូកនឹងអត្ថប្រយោជន៍ផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចចរចាចុងក្រោយថា ប្រទេសកម្ពុជាជាប្រទេសតែមួយគត់ដែលតែងតែដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតក្នុងចំណោមប្រទេសដែលផលិតវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងប្រទេសអាស៊ី។ លោកបន្ថែមថាជាមួយនឹងការតម្លើងប្រាក់ឈ្នួលនេះរាជរដ្ឋាភិបាលនឹងគិតគូរដើម្បីសម្រាលបន្ទុករបស់កម្មករបន្ថែមទៀតផងដែរ ដែលបញ្ហាបន្ទាន់នឹងត្រូវធ្វើនោះធ្វើការជាមួយអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការដំឡើងផ្ទះឈ្នួលសម្រាប់កម្មករនិយោជិត។
លោក ហេង សួរ ថ្លែងដូច្នេះថា៖ «ក្រៅពីកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតនេះ សម្តេចធិបតី ក៏បានដាក់នូវផែនការសម្រាប់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូរអំពីសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការដូចជាការគិតគូរអំពីការរៀបចំឱ្យមានការអាហារដ្ឋានមួយសមរម្យ មានទារកដ្ឋាន និងមានមេត្តយ្យសហគមន៍មួយដែលអាចឱ្យកម្មករនិយោជិតមានកូនមានចៅ គឺថាអាចដាក់កូនចៅនៅទារកដ្ឋាន និងមេត្តយ្យមួយសមរម្យដើម្បីធានាថាកូនចៅជំនាន់ក្រោយរបស់កម្មករមានឱកាសទទួលបានការអប់រំ»។
អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក គឹម ចាន់សំណាង បានគូសបញ្ជាក់ថា ប្រាក់ខែកម្មករ ២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ គឺវាសមរម្យដែលតំណាងភាគីកម្មករនិយោជិត និងតំណាងនិយោជក អាចទទួលយកបាន។
លោកថ្លែងថា៖ «ប្រសិនជាពេលបច្ចុប្បន្ននេះ ការដំឡើងនេះវាហួសហេតុពេក គឺវាធ្វើឱ្យការបញ្ជាទិញគឺកាត់បន្ថយ ហើយប្រសិនយើងដំឡើងប្រាក់ឈ្នួលសមរម្យដែលអាចទទួលយកបាន ខ្ញុំជឿជាក់ថា ការបញ្ជាទិញមានការកើនឡើង ហើយបងប្អូនគ្រួសារនីមួយៗនឹងកើនឡើងនូវចំនួនសមាជិកដែលអាចចូលធ្វើការដើម្បីឱ្យជីវភាពកាន់តែមានការកើនឡើង»។
សម្រាប់អនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក ឧកញ៉ា ណាង សុធី ការដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន២ដុល្លារបន្ថែមទៀតនេះ ខាងនិយោជកគិតថាមិនមែនជាការដាក់សម្ពោធនោះទេ។
ឧកញ៉ា ណាង សុធី ថ្លែងដូច្នេះថា៖ «ការដំឡើងប្រាក់ឈ្នួលដូចនេះ មិនមែនធ្វើឱ្យរោងចក្របាត់បង់នោះទេ ការបាត់បង់នេះ គឺជាការកាត់បន្ថយការបញ្ជាទិញ និងបន្ថយ (ការបញ្ជាទិញ»។
ឧកញ៉ា ណាង សុធី បញ្ជាក់ថា ខាងនិយោជក នឹងបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិតអាចទៅរៀនវគ្គជំនាញជីវៈបន្ថែមទៀតដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល ខណៈស្នើឱ្យកម្មករនិយោជិតខិតប្រឹងប្រែងបំពេញការងារ គោរពម៉ោងធ្វើការ និងគោរពវិន័យ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕