សៀមរាប៖ រដ្ឋមន្ត្រីធម្មការនិងសាសនាលោក ចាយ បូរិន បានសំណូមពរដល់មន្ត្រីសង្ឃគ្រប់ជានថ្នាក់រួមគ្នាពង្រឹងព្រះវិន័យធម៌ និងលិខិតបទដ្ឋានច្បាប់នានាដែលមានស្រាប់ដើម្បីលើកកម្ពស់កិត្យនុភាពតម្លៃនៃព្រះពុទ្ធសាសនា។
ថ្លែងក្នុងពិធីប្រគល់ភារកិច្ចប្រគេន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និងប្រគល់ព្រះរាជប្រកាសនីយប័ត្រផ្តល់គោរមងារជូនលោក សៀង ណាំ និងភរិយានៅវត្តរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រី ចាយ បូរិន មានប្រសាសន៍ថា ការរួមគ្នារួមគ្នាពង្រឹងព្រះធម៌ ព្រះវិន័យ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានស្រាប់ គឺជាការលើកកម្ពស់កិត្យានុភាពតម្លៃនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ជាមួយគ្នានេះលោកក៏សំណូមពរឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមទីវត្តអារាម ឱ្យបានល្អស័ក្តិសមជាទីកន្លែងសម្រាប់គោរពសក្ការបូជា និងជាទីកន្លែងសម្រាប់ទេសចរជាតិ អន្តរជាតិ បានឈ្វេងយល់ពីវប្បធម៌ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងតាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចំពោះអធិករណ៍ ដែលកើតមានទៅតាមធម៌វិន័យ រឿងធំធ្វើមកជារឿងតូច, រឿងតូចធ្វើទៅជារឿងល្អៗ ដើម្បីបញ្ចប់។
ក្នុងពិធីនោះលោករដ្ឋមន្ត្រីបានលើឡើងផងដែរថា សព្វថ្ងៃនេះ ខេត្តសៀមរាប ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញបំផុត និងមានប្រាសាទបុរាណល្បីៗជាច្រើនទៀត ហើយក៏ជាខេត្តមួយមានធនធានព្រះសង្ឃដ៏កម្រ និងត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរម្យ៍ងារជា សម្តេចព្រះព្រហ្មរតនមុនី និងទទួលជួយមើលការងារកិច្ចការព្រះពុទ្ធសាសនា និងទីវត្តអារាមនានា ទូទាំងខេត្ត ដូចមានចែងក្នុងសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ចាយ បូរិន ក៏បានបញ្ជាក់ថា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងមួយជីវិតរបស់សម្តេច គឺបានបូជាចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ តាមរយៈការចូលរួមចំណែកកសាងនូវសមិទ្ធផលនានានៅតាមវត្តអារាមជាច្រើន ដូចជាវត្តរាជបូណ៌នេះជាដើម ហើយវត្តរាជបូណ៌នេះទៀតសោត គឺល្បីល្បាញទូទាំងប្រទេស និងផ្សព្វផ្សាយ លើពិភពលោកខាងវិស័យអប់រំ ផ្នែកចរិយាធម៌ សីលធម៌ គុណធម៌ សុជីវធម៌ ។
លោកបានរំលេចនូវគោលនយោបាយយុទ្ធសាស្ត្ររបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតដែលបានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកថា យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រ សំឡឹងទៅមុខសម្រាប់រយៈពេល ២៥ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត៥ដំណាក់កាល។ យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាពនិងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល៕