ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាលលោក ឈាង រ៉ា បានលើកឡើងថាផែនការអទិភាពរបស់ក្រសួងនាពេលនេះគឺត្រូវពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិទូទាំងប្រទេស តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការបន្តប្រយុទ្ធនឹងជំងឺមិនឆ្លង។
លោករដ្ឋមន្ត្រីលើកឡើ់ងបែបនេះក្នុងជំនួបជាមួយប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក (The World Bank) លោកស្រី Mariam J. Sherman នៅទីស្តីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
លោករដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាល ក្នុងការអនុវត្តគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី១ និងទី២ (Health Equity and Quality Improvement Project) គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 Emergency Response Project (COVID-19 ERP)) គម្រោងអាហារូបត្ថម្ភកម្ពុជា (Cambodia Nutrition Project (CNP)) គម្រោងពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវា (Strengthening Pre-Service Education System for Health Professionals Project (SPESHP)) នាពេលកន្លងមក។
លោកបានជម្រាបជូនភាគីធនាគារពិភពលោក អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាលដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិ តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការបន្តប្រយុទ្ធនឹងជំងឺមិនឆ្លង។
ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក លោកស្រី Mariam J. Sherman បានបង្ហាញការរីករាយអំពីលទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួង តាមរយៈគម្រោងមួយចំនួនដែលបានអនុវត្តកន្លងមករួមមាន គម្រោងគ្រប់គ្រងជំងឺ គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី១ ទី២ និងគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាលទាំង២ដំណាក់កាល។
លោកស្រីប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រសុខាភិបាល និងផែនការអាទិភាពរបស់ក្រសួងសុខាភិបាលជាបន្តទៀត។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ជាពិសេសលោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕