ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ថាលទ្ធផលនៃភាពជោគជ័យនៃវិស័យពិការភាព បានមកដោយមិនមែនជាការចៃដន្យនោះទេ គឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី។
លោក ឯម ច័ន្ទមករា លើកឡើងបែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការមូលនិធិកុមារពិការ លោក គង់ វិចិត្រា និងប្រធានកម្មវិធីនៃអង្គការតំណក់ទឹក និងអង្គការសាលាជនពិការ លោកស្រី Giovanna Cowley នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងជំនួបពិភាក្សានេះ លោក ឯម ច័ន្ទមករា លើកឡើងអំពីភាពជោគជ័យនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដោយលោកបានសង្កត់ធ្ងន់ថា លទ្ធផលទាំងនោះបានមកដោយមិនមែនជាការចៃដន្យនោះទេ គឺបានមកពីការចូលរួមកិច្ចសហប្រតិបត្តិការណ៍ពីគ្រប់ភាគី។
លោក ឯម ច័ន្ទមករា បានលើកឡើងអំពីគម្រោងថ្មីនៃកម្មវិធី ACCESS ដែលនឹងចាប់ផ្តើមប្រកាសដាក់ឱ្យមានពាក្យស្នើសុំថវិកាឆាប់ៗខាងមុខ ដោយលោកបានលើកទឹកចិត្តអង្គការមូលនិធិជនពិការ និងអង្គការតំណក់ទឹក ត្រៀមដាក់គម្រោងស្នើសុំថវិកាជាមុន។ លោកបានបង្ហាញនូវការគាំទ្រដល់អង្គការទាំងពីរខាងលើ ដើម្បីបន្តដំណើរការ ក្នុងការជួយដល់ស្ថានភាពរស់នៅរបស់កុមារឬយុវវ័យជនមានពិការភាពនៅកម្ពុជា។
ជាមួយគ្នានេះ ស្ថាបនិកអង្គការមូលនិធិកុមារពិការ លោក គង់ វិចិត្រា បានលើកឡើងថា អង្គការមូលនិធិកុមារពិការបានរួមសហការជាមួយអង្គការតំណក់ទឹក ដើម្បីលើកកម្ពស់និងជួយអភិវឌ្ឍសិទ្ធិជនមានពិការភាព ជាពិសេសជនមានពិការខ្សោយសតិបញ្ញា បើទោះបីជា អង្គការមូលនិធិកុមារពិការ ជួបការលំបាកច្រើន អំឡុងវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ច ក៏លោកនៅតែមានឆន្ទៈជួយដល់ជនពិការខ្សោយសតិបញ្ញា និងមានបំណងដាក់គោលដៅបង្កើតមជ្ឈមណ្ឌលឧត្តមភាព Center of Excellence សម្រាប់ជាថ្នាលផ្តល់ការអប់រំ បណ្តុះបណ្តាលជំនាញបំណិន និងរកការងារសម្រាប់ជនពិការខ្សោយសតិបញ្ញា។
ទន្ទឹមនោះ ប្រធានកម្មវិធីនៃអង្គការតំណក់ទឹក និងអង្គការសាលាជនពិការ លោកស្រី Giovanna បានជម្រាបជូនអំពីប្រវត្តិនៃអង្គការតំណក់ទឹក និងសកម្មភាពផ្សេងៗជួយគាំទ្រដល់កុមារងាយរងគ្រោះ នៅក្នុងតំបន់គោលដៅទាំង៣ រួមមាននៅខេត្តកែប នៅអ្នកលឿង និងក្រុងប៉ោយប៉ែត ជាពិសេស នៅខេត្តកែបបានជួយគាំទ្រដល់មនុស្សជំទង់ដែលមានពិការខ្សោយសតិបញ្ញា និងធ្វើយ៉ាងណាផ្តល់ឱកាសរស់នៅ ដោយឯករាជ្យនៅសហគមន៍។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកបន្ថែមទៀតថា ក្រសួងក៏ដូចជាអគ្គលេខាធិការដ្ឋានបានយកចិត្តទុកដាក់ចំពោះសុខមាលភាពនិងតម្លៃរបស់ជនមានពិការភាពគ្រប់ប្រភេទ ដោយបច្ចុប្បន្ននេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានរៀបចំសរសេរច្បាប់ថ្មីដើម្បីបម្រើដល់ផលប្រយោជន៍របស់ជនមានពិការភាព ហើយនៅពេលខាងមុខនេះនឹងរៀបចំបញ្ចប់នូវការសរសេររបាយការណ៍នៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការដើម្បីសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាលមុនផ្ញើជូនទៅគណៈកម្មាធិការសិទ្ធិជនមានពិការភាពនៃអង្គការសហប្រជាជាតិ។
គួរឱ្យដឹងដែរថា ជំនួបរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយតំណាងមូលនិធិកុមារពិការគឺដើម្បីបង្ហាញជូនកិច្ចផ្តួចផ្តើមថ្មីនៃការសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍មនុស្សជំទង់ខ្សោយសតិបញ្ញា ខណៈជំនួបសម្តែងការគួរសម បានបញ្ចប់ដោយភាពរីករាយ និងស្និតស្នាលជាទីបំផុត៕