ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នឹងចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធគារទូទាំងប្រទេស និងជនជាប់ឃុំដែលសង្ស័យប្រើប្រាស់សារធាតុញៀនដោយពុំមានការផ្តល់ដំណឹងមុនឡើយ ខណៈមន្ត្រីណាគេចវេសនឹងត្រូវចាត់វិធានការផ្លូវច្បាប់ផងដែរ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់នៅក្នុងសេចក្តីណែនាំចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្នុងករណីមន្ត្រីពន្ធនាគារ គេចវេសមិនព្រមសហការធ្វើតេស្ត ឬរកឃើញថាមានសារធាតុញៀន នោះអគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។
បើតាមសេចក្តីជូនដំណឹង ការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀននៅទូទាំងពន្ធនាគារនេះ គឺអនុវត្តមានប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស ខេង ដែលថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។
ចំណាត់ការនេះធ្វើឡើងដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តឱ្យកាន់តែប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ៕





