រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីផ្លាស់ទៅបំពេញការងារនៅទីតាំងអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីមុនគេបង្អស់ | នាយករដ្ឋមន្ត្រីជំរុញការរៀបចំឯកសារដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវ | សម្ដេចធិបតី៖ វប្បធម៌ និងប្រវត្តិសាស្ត្រដែលលំបាកវាបង្ហាញពីភាពចាំបាច់ក្នុងការថែរក្សា | ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុង Miami |

រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែចម្រើន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត។ រាជរដ្ឋាភិបាលបានបង្ហាញការប្តេជ្ញានេះក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ នាថ្ងៃពុធនេះក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។

ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ រាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍មួយចំនួន ដូចជា បង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀតដោយផ្តល់អាទិភាពលើការបណ្ដុះបណ្តាលជំនាញទេសចរណ៍ដល់ បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួងទេសចរណ៍បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី "ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ដទៃទៀត។

ជាមួយគ្នានេះរាជរដ្ឋាភិបាលបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។

ក្នុងមួយទសវត្សរ៍ចុងក្រោយនេះវិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅទូទាំងសកលលោក ក្នុងនោះវិស័យទេសចរណ៍បានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលដាក់សម្ពោធដល់ប្រតិករជាច្រើនក្នុងវិស័យនេះ។

តែយ៉ាងណាវិស័យទេសចរណ៍នៅកម្ពុជាបន្តបន្តងើបឡើងវិញ ជាក់ស្តែងនៅរយៈពេល ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរ អន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងកម្រិត៨០% នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមានប្រមាណ ១២,៣៨លាននាក់ កើនឡើង ៦២,៥%៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក